
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកូរ៉េ ទើបតែងតំាងថ្មីប្រចំាកម្ពុជា បានថ្លែងនៅក្នុងជំនួបជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថា នៅឆ្នាំខាងមុខសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែម ខាងផ្នែកដោះមីន។ លោក បញ្ជាក់ និមិត្តរូបនៃទំនាក់ទំនងប្រទេសទំាងពីរមួយ អាចលេចជារូបរាងផងដែរ គឺជំនួយសាងសង់ស្ពាន«មិត្តភាពកម្ពុជា-កូរ៉េ» ឆ្លងកាត់ទន្លេមេគង្គនោះ។
លោក ប៉ាក់ ហឿងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតកូរ៉េ នៅចំពោះមុខ សម្ដេច ប្រធានរដ្ឋសភាកម្ពុជា បានបន្តទៀតថា ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េ នៅកម្ពុជា មានជាង ៥ពាន់លានដុល្លារ ដែលនាំកូរ៉េ ក្លាយជាប្រទេសទី២ក្នុងការវិនិយោគនៅកម្ពុជា។
ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ មានប្រមាណ ៤ម៉ឺននាក់។ ជាការបន្ថែមរបស់ លោក ទូត ថា ការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទំាងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឱ្យកកត់សម្គាល់។
នៅក្នុងជំនួបនោះ សម្ដេច ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា ប្រទេសកូរ៉េ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ ក្នុងឱកាស នោះ សម្តេច ហេង សំរិន បានស្នើសុំរដ្ឋាភិបាលរដ្ឋកូរ៉េ បន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េ។
សម្ដេច បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ លោកទូត នៅកម្ពុជា។
នៅក្នុងបរិយាកាសនោះ លោកទូតថ្មី បានជម្រាបជូនសម្តេច ពីសំណើដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភាកូរ៉េ មកកាន់ប្រទេសកម្ពុជា នៅដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីកបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់រឹងមាំឡើង។
សម្តេច បានស្វាគមន៍ដំណើរទស្សនកិច្ចប្រធានរដ្ឋសភារ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ៕

ដោយ៖ Moeun Dyna