
ក្រចេះ៖ ការអភិវឌ្ឍខេត្តត្រូវការចាំបាច់ណាស់ការចូលរួមជាមួយស្ថាប័នរដ្ឋ វិស័យឯកជ អង្គការក្រៅរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋ។ ជាការលើកឡើងរបស់ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍខេត្តរយៈពេល៥ ឆ្នាំ២០២០-២០២៤ ដល់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ស្រុក ក្រុង និងអង្គការដៃគូរ។
កិច្ចប្រជុំខាងលើដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ប៉ែន លីណាត បានបន្តថា ដូចនេះឯកសារផែនការអភិវឌ្ឍរយៈពេល៥ ជាឯកសារបើកទូលាយរង់ចាំការចូលរួមរបស់អង្គខាងលើ ការអភិវឌ្ឍមិនមែនជាសិទ្ធិដាច់មុខរបស់មន្ទីរ វិស័យ អង្គភាពណាមួយទេ ទាមទារការចូលរួមទាំងអស់គ្នាដើម្បីយើងឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យដែលបានកំណត់នាពេលខាងមុខ។

លោក បានន្ថែមថា ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំសង្កាត់ ត្រូវរៀបចំនិងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាខ្លួន។
ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ដែលបានដាក់ផ្សព្វផ្សាយនេះ គឺជាឯកសារគតិយុត្តដែលបានរៀបចំឡើងតាមការណែនាំប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ។ ជាការនន្ថែមទៀតរបស់ លោក អភិបាលរងខេត្តដដែល ថា ក្នុងនាមក្រុមប្រឹក្សាខេត្តដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងមានការសម្របសម្រួលទៅតាមកាលៈទេសៈណាមួយ ដែលអាចកើតមានដើម្បីធានាឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

នាឱកាសនោះ លោក ប៉ែន លីណាត បានណែនាំដល់រដ្ឋបាលឃុំសង្កាត់-ត្រូវចាត់តាំងក្រុមប្រឹក្សាឃុំសង្កាត់មួយរូបដែលមានសមត្ថភាព ជាជនបង្គោលទទួលបន្ទុករៀបចំនិងបំពេញរបាយការណ៍វឌ្ឍនភាពនៃការអភិវឌ្ឍគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលអនុវត្តដោយមន្ទីរអង្គភាពនិងអង្គការមិនមែនរដ្ឋាភិបាលនៅមូលដ្ឋានរបស់ខ្លួន-រដ្ឋបាលក្រុងស្រុក ចាត់តាំងអភិបាលរងមួយរូប ទទួលការងារផែនការនិងការរៀបចំបែងចែកមន្ត្រីនៃការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ទទួលបន្ទុកសម្របសម្រួលជាមួយឃុំសង្កាត់៕
ដោយ៖ Moeun Dyna