Register Already an agent ? Login

អភិបាលខេត្តកោះ ទទួលយកសំណើប្រជាពលរដ្ឋ ដែលមានទំនាស់ដីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នានា ដាក់ទៅស្ថាប័នមានសមត្ថកិច្ចដោះស្រាយ

កោះកុង៖ អភិបាលខេត្តកោះកុង លោក ស្រី មិថុនា ភូថង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នានាក្នុងខេត្ត បានទទួលយកសំណើ និងសំណូមពរ របស់តំណាងក្រុមប្រជាពលរដ្ឋនីមួយៗ នឹងធ្វើសេចក្តីរាយការណ៍បន្ត ជូនក្រសួង ស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធ ដោះស្រាយ ដែលជាសមត្ថកិច្ចជំនាញ។ បើតាមរដ្ឋបាលខេត្តកោះកុង។

រដ្ឋបាលខេត្តបានបន្តថា ប្រជាពលរដ្ឋសរុប ២១៦៣គ្រួសារ ដែលមានទំនាស់វិវាទដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នានានៅក្នុងខេត្តកោះកុង ក្នុងនោះមានដូចខាងក្រោម៖

១-ក្រុម ១៧៥គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីតាំងដីសំណងគោលនយោបាយ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងស្ករ និងចំការអំពៅកន្លងមក និងស្នើសុំធ្វើបណ្ណកម្មសិទ្ធិលើដីធ្លីដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង។

២-ក្រុម ១៩៧គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករ និងចម្ការសអំពៅ និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័ និងស្នើសុំទាមទារសំណងលើការឈូសឆាយដំណាំ។

៣-ក្រុម ២០០គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយទាមទារសំណងចំនួន ៦,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១គ្រួសារ ពីក្រុមហ៊ុនអង់គ្លេស ដែលទទួលទិញស្ករសម្រេចពីប្រទេសកម្ពុជា ឈ្មោះ ថែតអែនឡាយ។

៤-ក្រុម ៧៥គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយសម្រាប់ប្រជាពលរដ្ឋ ៥គ្រួសារ ដែលមិនទាន់បានទទួលសំណងដោះស្រាយនៅឡើយ។

៥-ក្រុម ៧៦៦គ្រួសារ ស្នើសុំដីសម្បទានសង្គមកិច្ច។      

៦-ក្រុម ៨៤៣គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករ និងចម្ការអំពៅ និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ៕

ដោយ៖ Moeun Dyna