
ស្ទឹងត្រែង៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ចំនួនក្បាលដីសរុប ៥៤៩ក្បាលដី មានទំហំសរុបស្មើនឹង ១.១៤៦,១៦ហិកតា និងចំនួនគ្រួសារ សរុបមានចំនួន ៣៣៨គ្រួសារ ស្ថិតនៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន។
ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក អភិបាលខេត្តបានថ្លែងបញ្ជាក់ថា «ការទទួលបាននៅសិទ្ធិគ្រប់គ្រងអចលនវត្ថុដែលមានបណ្ណកម្មសិទ្ធិទទួលស្គាល់ជាផ្លូវការ គឺមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងដោយស្របច្បាប់ និងមិនអាចអ្នកណាបំពានបានឡើយ»។
លោក ថ្លែងបន្តថា ប៉ុន្តែសូមប្រើប្រាស់ដោយស្របច្បាប់ និងបម្រើដល់ផលប្រយោជន៍ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
នាឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានជំរុញឱ្យមន្ទីរជំនាញខិតខំបន្តការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីសិក្សាអំពីតំបន់វិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងឈានទៅប្រគល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំមួយចំនួនទៀតក្នុងខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ពិធីខាងលើមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទំាង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ មន្ត្រីបច្ចេកទេស និងសមាជិកគណៈកម្មការរដ្ឋបាលឃុំកំភុន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕


ដោយ៖ Moeun Dyna