Register Already an agent ? Login

ដែនជម្រកសត្វព្រៃព្រៃឡង់ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤

ភ្នំពេញ៖ ដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នៅខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤ រួមមានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បើតាមការថ្លែងរបស់ លោក នេត្រ ភក្ត្រា។

បច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោងការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតងគាំទ្រថវិកាដោយ USAID របស់សហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១លានដុល្លារ។ បើតាមការបន្តរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

លោក បានបន្តថា គម្រោងនេះ មានកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រងការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រងនិងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារ ធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណីជនជាតិដើមភាគតិច។

រាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍កំពុងអនុវត្តផែនការសកម្មភាពនានាដើម្បីធ្វើប្រសើរឡើងនូវការអភិរក្ស ជីវៈចម្រុះ និង ស្ថានភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ព្រមទាំងបង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់កាពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់។ បើតាមការបន្ថែមរបស់ រដ្ឋលេខាធិការ ដដែល។

អ្នកនាំពាក្យក្រសួងរូបនេះ បានថ្លែងឱ្យដឹងថា បច្ចប្បន្ន មានមន្ត្រីឧទ្យានុរក្សចំនួន ៨៤នាក់ បាននិងកំពុងឈរជើងការពារនៅក្នុងនោះ ខេត្តកំពង់ធំមាន ៣៤នាក់ ស្ទឹងត្រែង ២៤នាក់ ក្រចេះចំនួន ១២នាក់ និងខេត្តព្រះវិហារចំនួន ១៣នាក់ ហើយសហគមន៍តំបន់ការពារធម្មជាតិមានចំនួន១៩ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលបានចូលរួមសហការចុះល្បាតជាមួយមន្ត្រីឧទ្យានុរក្ស។

ក្នុងរយៈ ពេល៩ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ករណីត្រូវបានបង្ក្រាប ហើយបានកសាងនិងបញ្ជូនសំណុំរឿងចំនួន ៤០ករណីទៅតុលាការ អប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ករណី ព្រមទាំងពិន័យអន្តរការណ៍ ៤១ករណី។ បើតាមការឱ្យដឹងបន្តពី លោក នេត្រ ភក្ត្រា។

លោក បន្ថែមទៀតថា មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសនិងរឹបអូសរណាយន្តបានចំនួន ៤៣៣គ្រឿង រថយន្ត៩ គ្រឿង គោយន្តចំនួន ១០៦គ្រឿង និងម៉ូតូ ៤៦គ្រឿង រឹបអូសឈើចំនួន ៣០៣ម៉ែត្រគូប ដោះអន្ទាក់បានចំនួន ១៦៧៧អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០៣គ្រឿង។

រដ្ឋលេខាធិការរូបនេះ បានលើកឡើងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរ បាញ់និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។

លោក បានបញ្ជាក់ថា មានកត្តាផ្សេងៗ ដែលជំរុញឱ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ៕

ដោយ៖ Moeun Dyna