Register Already an agent ? Login

អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រៀមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ដើម្បីទាក់ទាញទេសសចរណ៍

កំពង់ឆ្នាំង៖ តំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ មិនទាន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនៅឡើយទេ ដោយសារតែពេលនេះមានភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យការធ្វើដំណើរពិបាកជាងមុន។ តាមការលើកឡើងឱ្យដឹងពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បន្តថា ដូច្នេះអាជ្ញាធរបានត្រៀមរៀមចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញទេសចរណ៍មកកម្សាន្តឱ្យបានច្រើន។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានស្រង់សំដី លោក សេង សាលី ឱ្យដឹងថា មន្ទីររួមទាំងអាជ្ញាធរពាក់ព័ន្ធ បានត្រៀមរៀបចំកែលម្អតំបន់ទឹកធ្លាក់អន្លង់ស្វាយនេះ បន្ថែមទៀតដូចជា រៀបចំកែលម្អកញ្ចុះអង្គុយលេង សេវាកម្មម្ហូបអាហារ មានគុណភាពអនាម័យ កែលម្អបន្ទប់ទឹក និងកែលម្អផ្លូវធ្វើដំណើរជាដើម។

រមណីយដ្ឋានទឹកធ្លាក់នេះ ពិតជាមានសម្រស់ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុង ព្រៃភ្នំដ៏ត្រជាក់ មានទេសភាពល្អប្រណិត មានខ្យល់បរិសុទ្ធមិនចាញ់ទឹកធ្លាក់នៅតំបន់ផ្សេងៗនោះទេ។ ជាការលើកឡើងបន្តរបស់ ប្រធានមន្ទីរដដែល បន្តទៀតថា ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានការលំបាកបន្តិច ដោយសារផ្លូវនៅរដូវវស្សានេះ មានភ្លៀងហូរច្រោះកាត់ផ្លូវ ដែលធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរ។

លោក បន្ថែមថា ដោយសារតែការយកចិត្តទុកដាក់ របស់អភិបាលខេត្ត ដែលលោកធ្លាប់មានការណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលធ្វើផ្លូវ ហើយនិងការស្ថាបនាផ្លូវជាបន្តបន្ទាប់ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរទៅលេងកម្សាន្ត។

ប្រធានមន្ទីរទេសចរណ៍រូបនេះ សង្ឃឹមថា ក្រោយពីអភិវឌ្ឍន៍តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អន្លង់ស្វាយនេះរួចរាល់ នឹងមានភ្ញៀវទេសចរមកលេងកម្សាន្ត កាន់តែច្រើនថែមទៀតមិនខានឡើយ។ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕

ដោយ៖ Moeun Dyna