Register Already an agent ? Login

៩ខែនេះ គម្រោងសាងសង់សំណងថ្មីជាង ១ពាន់គម្រោង លើផ្ទៃដីជាង ៥លានម៉ែត្រក្រឡា ទំហំទឹកប្រាក់ ២,៣ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល០៩ខែ ឆ្នាំ២០២០ រាជធានីភ្នំពេញ បន្តទទួលបានគម្រោងសាងសង់សំណង់ថ្មីប្រមាណ ១០២០គម្រោង លើផ្ទៃដីក្រឡាសំណង់សរុបជាង ៥លានម៉ែត្រក្រឡា មានទំហំទឹកប្រាក់វិនិយោគជាង ២,៣ពាន់លានដុល្លារ ខណៈ រាជធានីភ្នំពេញ មានសំណង់បុរីចំនួន ២៦៣កន្លែង និងអាគារខ្ពស់ចំនួន ១៤២៤អគារ។ ជាការថ្លែងឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នៅក្នុងពីបើកការដ្ឋានបើកការដ្ឋានសាងសង់ផ្សារទំនើប AEON គម្រោងទី៣ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) លោក អភិបាលរាជធានីបានបន្តថា  កាលពីមុនល្បីថាកម្ពុជា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ជាទីក្រុងខ្មោច ដែលគេភ័យខ្លាចគ្រប់គ្នាឥឡូវបានប្រែក្លាយទៅជាប្រទេសមួយ រាជធានីមួយដែលមានសន្តិសុខពេញលេញ ជាមជ្ឈមណ្ឌលផលិតនិងចែកចាយទំនិញ ជាបណ្ដុំនៃការរស់នៅប្រកបដោយប្រណីតភាព និងជាតំបន់ទេសចរណ៍ដ៏រស់រវើក ដែលបង្ហាញឱ្យឃើញតាមរយៈវត្តមានទីក្រុងរណបអាគារពាណិជ្ជកម្មសំណង់បុរី ខុនដូ និងផ្សារទំនើបត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់។

លោក ឃួង ស្រេង បានបន្ថែមថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជនប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក។

លោក បន្ថែមទៀតថា តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ក្នុង១ឆ្នាំ ទន្ទឹមនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ៗពីប្រមាណ ៧៣៨ដុល្លារ នៅឆ្នាំ២០០៨ ដល់ ១៧០៦ដុល្លារ នៅឆ្នាំ២០១៩ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅពេលអនាគត។

ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ជាផ្សារទំនើប គម្រោងទី៣ នៅភ្នំពេញនាពេលនេះគឺជាការសម្រេចចិត្ត វិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណិតប្រណិតនិងការអភិវឌ្ឍន៍ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពលដែលមានស្រាប់ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ Moeun Dyna