Register Already an agent ? Login

ផ្សារទំនើប AEON គម្រោងទី៣ នៅផ្លូវ ៦០ម៉ែត្រ បានបើកការដ្ឋានសាងសង់ហើយ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក MASAHIRO MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា នៅថ្ងៃទី៧ ខែតុលា នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប អ៊ីអន ម៉ល គម្រោងទី៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ។

ការបង្កើតផ្សារទំនើប AEON នៅរាជធានីភ្នំពេញរហូតដល់ ៣កន្លែង ឆ្លុះបញ្ចាំងឱ្យឃើញពីកំណើននៃទីផ្សារលក់រាយនៅកម្ពុជាកំពុងមានសន្ទុះកើនឡើង។ ជាការថ្លែងរបស់ លោក ឃួង ស្រេង

លោក បានបន្តថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ជាផ្សារទំនើប គម្រោងទី៣ នៅភ្នំពេញ នាពេលនេះគឺជាការសម្រេចចិត្ត វិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥។

អភិបាលរាជធានីរូបនេះ បញ្ជាក់ «តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថាជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណិតប្រណិតនិងការអភិវឌ្ឍន៍ទីក្រុងរណបដើម្បីធានាដល់ការប្រើប្រាស់ដីធ្លីនិងសក្កានុពលដែលមានស្រាប់ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ផ្សារទំនើបអ៊ីអន ម៉ល ជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អ៊ីអន ម៉ល ទី១ និងទី២ ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ ១លាននាក់។ ជាការថ្លែងរបស់ លោក ម៉ាសាហ៊ីរ៉ូមិកាមិ បានបន្តថា ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវី-១៩ វាពិតណាស់ថា បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូច ការរំពឹងទុករបស់យើងនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវគម្រោងទី៣ របស់ខ្លួននៅក្នុងការកសាងនៅផ្សារទំនើបអ៊ីអន ម៉ល គម្រោងទី៣នេះថែមទៀត។

លោក បានបន្ថែមថា គម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកឱ្យដំណើរការ វានឹងមានអតិថិជនប្រមាណ ១២លាននាក់ ក្នុង១ឆ្នាំ។

គូសបញ្ជក់ថា គម្រោងផ្សារទំនើប AEON ៣ កំពុងសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារ មានទំហំធំជាងផ្សារ Aeon ទី១ និងទី២ បូកបញ្ចូលគ្នាទៅ ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ម៉ែត្រការ៉េ។

សូមរម្លឹកថា ផ្សារទំនើប AEONទី១ ស្ថិតនៅខណ្ឌចំការមន បានបើកដំណើរការនៅឆ្នាំ២០១៤ ជាមួយនឹងទុនវិនិយោគ ២០៥លានដុល្លារ ចំណែកផ្សារទំនើប AEON ទី២ ស្ថិតនៅខណ្ឌសែនសុខ បានបើកសម្ពោធនៅឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ ១២០លានដុល្លារ៕

ដោយ៖Moeun Dyna