Register Already an agent ? Login

ព្រលានយន្តហោះភ្នំពេញថ្មី នឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ទទួលភ្ញៀវទេសចរបាន ១៣លាននាក់

ភ្នំពេញ៖ ព្រលានយន្តហោះភ្នំពេញថ្មី ធំជាងគេនៅក្នុងប្រទេសកម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២៦០០ហិកតា ស្ថិតនៅខេត្តកណ្តាល និងតាកែវ ចម្ងាយ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គ្រោងបញ្ចប់ដំណាក់កាលទី១ នៅក្នុងឆ្នាំ២០២៣ នឹងដាក់ឱ្យប្រើប្រាស់ផងដែរ ដែលអាចទទួលភ្ញៀវបាន ១៣លាននាក់។

បើតាមគម្រោង សម្រាប់ការងារសាងសង់ ដំណាក់កាលទី១ មានដូចជា៖

-អគារស្ថានីយអ្នកដំណើរមានកម្ពស់ ៤៥ម៉ែត្រ ៥ជាន់ និងជាន់ក្រោមដី ១ជាន់ ដែលមានផ្ទៃក្រឡា ២៤៣០០០ម៉ែត្រការ៉េ គ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២២។

-ការសាងសង់ផ្លូវរត់យន្តហោះ (Runway) មានប្រវែង ៤ពាន់ម៉ែត្រ និងទទឹង ៦០ម៉ែត្រ ជាប្រភេទអាកាសយានដ្ឋាន 4F។

-ការសាងសង់អគារប៉មត្រួតពិនិត្យផ្លូវអាកាស មានកម្ពស់ ១០៨ម៉ែត្រ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។

-ការងារសាងសង់អគារ និងទីតាំងផ្សេងៗជាង ៤០ផ្សេងទៀត សម្រាប់បម្រើប្រតិបត្តិការរបស់ព្រលានយន្តហោះមានដូចជា ស្ថានីយអ្នកដំណើរ VIP, ទីតាំងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ទីតាំងស្តុកសំណល់រឹង កន្លែងជួសជុលរថយន្ត កន្លែងស្តុកប្រេង និងទីតាំងស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យជាដើម។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ គ្រោងនឹងចំណាយថវិកា ១៥០០លានដុល្លារ។ បើតាមការលើកឡើងឱ្យដឹងពី លោក ឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនគម្រោងសាងសង់ព្រលានយន្តហោះកម្ពុជា បន្តថា ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ ក្នុង១ឆ្នាំ។

លោក ឧកញ៉ា បានបន្តទៀតថា សម្រាប់ការងាររចនាប្លង់ស្ថានីយអ្នកដំណើរត្រូវបានជ្រើសយកក្រុមហ៊ុន Foster & Partners របស់អង់គ្លេស ហើយក្រុមហ៊ុន China Construction Devotions III ជាអ្នកឈ្នះនូវការដេញថ្លៃសាងសង់ក្នុងទឹកប្រាក់ ៥៩៥លានដុល្លារ។ ដោយឡែកតំបន់ហោះហើរ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន អេវីក ដែលជាក្រុមហ៊ុនចិន។ ជាមួយគ្នានេះក៏មានការអញ្ជើញ ក្រុមហ៊ុនបរទេសល្បីៗជាច្រើនទៀត ជួយគាំទ្រដល់ការបច្ចេកទេសផងដែរ។

លោកនឹងបន្ដសកម្មភាពចុះត្រួតពិនិត្យការសាងសង់ អាកាសយានដ្ឋាននេះ យ៉ាងតិច ៦ខែម្ដង ដើម្បីជាការលើកទឹកចិត្ដ ដល់អ្នកសាងសង់ និងពន្លឿននៃការសាងសង់ឱ្យទៅតាមផែនការ។ ជាការបញ្ជាក់របស់ លោក ឧកញ៉ា ពុង ឃាវសែ ដែលបានចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថ្មី កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។

នាឱកាសនោះដែរ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា ក្នុងនាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក និងក្រុមការងារ នឹងខិតខំឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ដ ដើម្បីចូលរួមគាំទ្រសកម្មភាព នៃគម្រោងការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ ទទួលបានជោគជ័យ ប្រសិទ្ធភាព និងទទួលបានការគាំទ្រ ពីមជ្ឈដ្ឋានអន្ដរជាតិ។

អ្វីដែលធ្វើការអភិវឌ្ឍន៍នៅទីនេះ មិនមែនជាផលប្រយោជន៍នរណានោះទេ គឺជាប្រយោជន៍រួម ដើម្បីរក្សាទុកជាប្រវត្ដិសាស្ដ្រ ដែលជាស្នាដៃរបស់កូនខ្មែរ។ ជាការបន្តរបស់ លោក ម៉ៅ ហាវណ្ណាល់ បន្ថែមថា ជាពិសេសទៀត អាកាសយានដ្ឋានភ្នំពេញថ្មីនេះ ជាសមិទ្ធផលដ៏ធំធេង សម្រាប់រាជរដ្ឋាភិបាលក្នុងដំណាក់កាល ដឹកនាំរបស់សម្ដេច ហ៊ុន សែន ជាប្រវត្ដិសាស្ដ្រថ្មី ដែលបន្សល់ទុកសម្រាប់ ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រាប់រយឆ្នាំទៅថ្ងៃមុខ៕

ដោយ៖ Moeun Dyna