Register Already an agent ? Login

ADB ផ្ដល់ឥណទាន ៨០លានដុល្លារ ដើម្បីអនុវត្តគម្រោង «ទីក្រុងគួរឱ្យចង់រស់នៅ» នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ទឹកប្រាក់ ៨០លានដុល្លារ ដើម្បីអនុវត្តគម្រោង «ទីក្រុងគួរឱ្យចង់រស់នៅ» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងចាប់ផ្ដើមអនុវត្តគម្រោងនេះនៅឆ្នាំ២០២១។

ឥណទានដែលមានទឹកប្រាក់ ៨០លានដុល្លារនេះ ផ្តោតលើគម្រោងសំខាន់ៗដូចជា ការគ្រប់គ្រងសំណល់រឹងរាវ, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងក្រុង, ប្រព័ន្ធទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់។ បើតាមការលើកឡើងឱ្យដឹងពី លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

នៅក្នុងកិច្ចប្រជុំជាមួយ ជាមួយនឹងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក អភិបាលក្រុងបានថ្លែងបន្តថា តាមរយៈគម្រោងនេះ ក្រុងប៉ោយប៉ែតនឹងប្រែក្លាយទៅជាទីក្រុងដែលចង់រស់នៅ នៅឆ្នាំ២០២៥។ លោក ថា បច្ចុប្បន្ន ក្រុងដែលជាប់ព្រំដែនកម្ពុជា-ថៃ នេះ បាននឹងកំពុងស្តារនិងអភិវឌ្ឍន៍នូវប្រព័ន្ធហេដ្ឋារចនសម្ព័ន្ធ ជាមួយគ្នានេះ មានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនកំពុងលេចឡើងនៅក្នុងទីក្រុងមួយនេះ។

លោក Sunniya Durrani-Jamal អគ្គនាយក ADB បានលើកឡើងនៅក្នុងកិច្ចជំនួបខាងលើថា ផែនការថ្មីត្រូវគិតពិចារណាពីផលប៉ះពាល់ ដែលបង្កដោយជំងឺកូវីដ-១៩ ហើយរួមបញ្ចូលទាំងគម្រោង និងកម្មវិធីថ្មីៗ ដើម្បីគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេសកម្ពុជា។

គួររម្លឹកថា ធនាការអភិវឌ្ឍន៍អាស៊ី បានកំណត់គម្រោងអភិវឌ្ឍន៍សរុបចំនួន២១ នៅប្រទេសកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ដែលរួមមានប្រាក់កម្ចីសម្បទានចំនួន ១.២៥ពាន់លានដុល្លារ ក្នុងនោះជំនួយឥតសំណងចំនួន ៧០,៤លានដុល្លារ និងសហហិរញ្ញប្បទានចំនួន ១៩៣លានដុល្លារ៕

ដោយ៖ Moeun Dyna