Register Already an agent ? Login

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុមកទល់ពេលនេះសម្រេចបានប្រមាណ ៨០%

ព្រះសីហនុ៖ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុបច្ចុប្បន្ន បានសម្រេចជាង ៨០ភាគរយ ដែលជំរុញឱ្យខេត្តមានឆ្នេរសមុទ្រមួយនេះ កាន់តែទាក់ទាញលើការវិនិយោគបន្ថែមទៀត ក្នុងការបង្កើនសក្ដានុពលមជ្ឈមណ្ឌលពាណិជ្ជកម្មបន្ទាប់ពីភ្នំពេញ។

គម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ដែលរួមបញ្ចូលទាំងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗទៀត បានសម្រេចសមិទ្ធផលដូចជា ការងារស្ថាបនាផ្លូវបេតុងសម្រេចបាន ១០០ភាគរយ, ដាក់លូអមសងខាងផ្លូវបាន ១០០ភាគរយ, ដាក់លូរណបបាន ៣០.៥៤ភាគរយ, រៀបខឿនថ្ម ក្រានីតបាន ៨៥.៨៣ភាគរយ, ក្រាលកម្រាលថ្មក្រានីតបាន ៤៩.៦៧ភាគរយ។ បើតាមការចុះពិនិត្យសកម្មភាពផ្លូវទាំង ៣៤ខ្សែ ចាប់ផ្តើមចេញពីចំណុច រង្វង់មូលរាម ស្រុកព្រៃនប់ កាត់តាមមហាវិថីជំទាវម៉ៅ មកក្នុងក្រុងព្រះសីហនុ។

ការចុះពិនិត្យផ្លូវខាងលើ ដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) មានការចូលរួមពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

ការចុះពិនិត្យបានឱ្យដឹងទៀតថា ការងារដំឡើងបង្គោលភ្លើងតាមផ្លូវសាធារណៈបាន ៨០.២៨ភាគរយ, បំពាក់អំពូលភ្លើងបាន ៦៧.៧៥ភាគរយ, បំពាក់កាំមេរ៉ាសុវត្ថិភាពបាន ១៥ភាគរយ, ដំឡើងភ្លើងស្តុបចរាចរបាន ៤៥ភាគរយ និងដាំដើមឈើ រួមទាំងផ្កាក្រដាសសម្រេចបាន ៥០.១០ភាគរយ៕

ដោយ៖ Moeun Dyna