Register Already an agent ? Login

គម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រហសីហនុ មកទល់ពេលនេះសម្រចបាន ៦.៣៨ភាគរយ

ភ្នំពេញ៖ ការងារអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ គិតរហូតមកទល់ពេលនេះ សម្រេចបាន៦.៣៨ភាគរយហើយ ធៀបនឹងគោលដៅ ៦.១៩ភាគរយ។ នេះបើតាម កិច្ចប្រជុំពិភាក្សាស្តីអំពីវឌ្ឍនភាពការងារអនុគម្រោងខាងលើ ដែលដឹកនាំដោយ មន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូន ជាមួយភាគីពាក់ព័ន្ធ។

ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្ត ព្រះសីហនុ ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ Heng Sambat Co., Ltd Import Export Transportation and Construction គ្រោងចំណាយទឹកប្រាក់ជាង ៥លានដុល្លារ និងរយៈពេលសាងសង់ ១៧ខែ។

រាជរដ្ឋាភិបាលបានសម្រេច បញ្ចេញកញ្ចប់ថវិការបស់ខ្លួនក្នុងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម ដើម្បីធ្វើឱ្យប្រសើរឡើងនូវ អនាម័យ សុខមាលភាពសាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីក ចម្រើនយ៉ាងឆាប់រហ័សនៅក្នុងខេត្តនេះ។ ជាការថ្លែងរបស់លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន។

នៅក្នុងកិច្ច​ប្រជុំនេះ លោក បានគូសបញ្ជាក់អំពីសារសំខាន់នៃការតាមដាន និងវាយតម្លៃផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចគោលដៅតាមការគ្រោងទុក និងបានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យគម្រោងដំណើរការទៅប្រកបដោយភាពរលូន។

មន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូនដដែលនេះ បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកានៃ គណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ បន្តយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសត្រូវក្នុងការប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីលើកទៅជជែកពិភាក្សារកវិធានការ និងដំណោះ ស្រាយជាមួយដៃគូអនុវត្តគម្រោង។

គូសបញ្ជាក់ថា គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល៥ឆ្នាំ ដំបូងមានសមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤.០៨៨ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម ១៣០ម៉ែត្រ និងបណ្ដោយ ១៥០ម៉ែត្រ ជម្រៅចាប់ពី ២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុល ផងដែរ៕

ដោយ៖ Moeun Dyna