
ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងក្រុងតាខ្មៅ ជាមួយស្រុកស្អាង ដោយកាត់យកឃុំចំនួន ៤ ដើម្បីដាក់បញ្ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅ រួមមានឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ និងឃុំរកាខ្ពស់ តម្លៃដីបានឡើងខ្ពស់ ស្របពេលដែលគម្រោងជាច្រើននៅក្រុងខ្មៅកំពុងដំណើរ។
បច្ចុប្បន្ន ឃើញថាខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍន៍ជាច្រើន ក្នុងនោះវិស័យអចលនទ្រព្យមានការកើនឡើងយ៉ាងខ្លាំងដែលធ្វើឱ្យតម្លៃដីបានហក់ខ្ពស់។ ខណៈ ដែលសង្កាត់ថ្មីចំនួន៤ ទើបកាត់ចូលក្រុងតាខ្មៅ កាលពីដើមឆ្នាំ២០១៩ បានឡើងថ្លៃ។
សង្កាត់ថ្មីចំនួន ៤នេះ មានផ្ទៃដីជាង ៧០០០ហិកតា និងមានប្រជាជនរស់នៅរាប់ម៉ឺននាក់ ហើយក៏មានរោងចក្រកាត់ដេរជាច្រើនកំពុងដំណើរ ដែលបានស្រូបយកកម្លាំងពលកម្មជាច្រើន ធ្វើឱ្យដីនៅតំបន់នោះមានតម្លៃថ្លៃ។ មានន័យថា ការកាត់ឃុំទាំង៤ នៅក្នុងស្រុកស្អាងនេះ ដើម្បីបង្កើនការអភិវឌ្ឍក្រុងតាខ្មៅបន្ថែមទៀត ដើម្បីពង្រីសក្ដានុពលរបស់ក្រុង ក៏ដូចជាខេត្តផងដែរ។
ក្រៅពីរោងចក្រកាត់ដេរ ក៏នៅមានគម្រោងជាច្រើនទៀតកំពុងដំណើរការ ក្នុងមានគម្រោងផ្ទះល្វែងដែលកំពុងតែសាងសង់ និងជិតរួចរាល់ហើយផងដែរ។ មានភោជនីយដ្ឋាន រមណីយដ្ឋាន សួនកម្សាន្ត ដែលជាគម្រោងរបស់វិនិយោគិនក្នុងស្រុក។ ជាមួយគ្នានោះ ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងសាងសង់នៅក្នុងតាខ្មៅ នៅផ្លូវជាតិលេខ២១ ឆ្ពោះទៅ កាសយានដ្ឋានអន្តរជាតិថ្មី ដែលំពុងតែសាងសង់នៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង។
បច្ចុប្បន្ន តម្លៃដីក្នុងសង្កាត់ថ្មីទាំង៤ ដែលបានកាត់បញ្ចួលមកក្នុងរដ្ឋបាលក្រុងតាខ្មៅ បានហក់ឡើងយ៉ាងខ្ពស់ស្ទើរមិនគួរឱ្យជឿ ដែលកំណើននេះដោយសារការរីកចម្រើនផ្នែកនគរូបនីយកម្ម កត្តាប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ បើតាមការលើកឡើងរបស់ លោក វ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី ខេត្តកណ្ដាល។
លោក បញ្ជាក់ «ការកាត់បញ្ចូលឃុំទាំងនេះ ក្នុងក្រុងតាខ្មៅដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា ដោយសារក្រុងតាខ្មៅមានទំហំតូច ធៀបជាមួយនឹងដែនដីឬទំហំខេត្តទាំងមូល, ជំរុញគោលនយោបាយ និងបង្ខិតសេវាសាធារណៈដល់ប្រជា ពលរដ្ឋកាន់តែប្រសើរឡើង, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងផ្តោតលើចក្ខុវិស័យអភិវឌ្ឍន៍ឱ្យបានកាន់តែល្អប្រសើរ។ និងដោយសារទីក្រុងតាខ្មៅមានទំហំតូច ហេតុនេះទើបពង្រីកឱ្យបានធំ ដើម្បីឆ្លើយតបនឹងកំនើនសេដ្ឋកិច្ចសង្គម ក៏ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ឋឱ្យបានសមស្រប និងជំរុញការរៀបចំទីក្រុងថ្មីបានល្អប្រសើរ ហើយក៏ជាតម្រូវការសម្រាប់ការធ្វើសមាហរណកម្មអភិវឌ្ឍន៍ទីក្រុងបែបថ្មី និងទាន់សម័យ»។
លោក បានបន្តថា តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ទើបឃុំទាំងបួនត្រូវបានដាក់បញ្ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅ ដើម្បីធ្វើយ៉ាងណាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការ រៀបចំហេដ្ឋារចនាសម្ព័ន្ឋសរាប់មូលដ្ឋាន។
គួរបញ្ជាក់ថា ខេត្តកណ្ដាល ជាខេត្តមួយក្នុងចំណោមខេត្តដែលស្តុកស្ដម្ភជានៅកម្ពុជា មានស្រុកចំនួន ១០ ក្រុង១ ឃុំ/សង្កាត់ ១៤៦ ភូមិ ១០៨៧ មានប្រជាជន ១០៧៥១២៥នាក់ និងមានផ្ទៃដី ៣៥៦៨គីឡូម៉ែត្រ ដែលមានទីរួមខេត្តនៅក្នុងតាខ្មៅ មានចម្ងាយ ១១គីឡូម៉ែត្រ ភាគខាងត្បូងនៃក្រុងភ្នំពេញ៕

ដោយ៖ Moeun Dyna