Register Already an agent ? Login

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានទំហំទឹកប្រាក់ប្រមាណ ១,០៥ប៊ីលានដុល្លារ នៅឆ្នាំ២០១៩

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស មានទំហំទឹកប្រាក់ប្រមាណ ១,០៥ប៊ីលានដុល្លារ នៅឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជា ​នាំចេញទៅអង់គ្លេសក្នុងទំហំទឹកប្រាក់ជាង ៩៧៨លានដុល្លារ ពិសេសលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង។ បើតាមការលើកឡើងឱ្យដឹងរបស់ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញជំហររបស់កម្ពុជា ក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់អង្គការពាណិជ្ជកម្មពិភពលោកសំដៅធានាតម្លាភាព និងភាពស្មើគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែក និងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។

បើតាមក្រសួងពាណិជ្ជកម្មឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ទាំងពីរខាងលើ បានពិភាក្សាលើគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដំណើរការវិវត្តនៃការជ្រើសរើសអគ្គនាយកថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាពមកពីអង់គ្លេសផងដែរ។

ក្រសួងបានបន្តថា លោក សុខ សុភ័ក្ត្រ និងលោក Marc Thayre បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយមេរោគរាតត្បាតជាសកលជំងឺកូវីដ-១៩។ ក្នុងនោះដែរ កម្ពុជា-អង់គ្លេសប្តេជ្ងាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មបន្ថែមទៀត៕

ដោយ៖ Moeun Dyna