Register Already an agent ? Login

មន្រ្តីក្រសួងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន ៨០ភាគរយហើយ

ភ្នំពេញ៖ គម្រោងសាងសង់ និងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ សម្រេចបាន ៨០ភាគរយហើយ មកដល់ពេលនេះ។ តាមការបញ្ជាក់ឱ្យដឹងពី លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន បន្តថា ក្រុមហ៊ុនកំពុងសាងសង់សួនចែកទ្រូងផ្លូវ និងស្ពានរំលងផ្លូវ។

លោក ខាន់ ម៉ាណេរ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពសាងសង់ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង អភិបាលរងខេត្តតាកែវ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ អភិបាលស្រុកតាមដងផ្លូវ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសផងដែរ។

លោក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា បេសកកម្មនេះធ្វើឡើងដើម្បីពិនិត្យលក្ខណៈបច្ចេកទេសសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវជាតិលេខ៣ ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ក៏ដូចជាដើម្បីជួយសម្របសម្រួលនិងដោះស្រាយបញ្ហាមួយចំនួនដែលរាំងស្ទះដល់ការសាងសង់របស់ក្រុមហ៊ុនផងដែរ។

«ផ្លូវនេះត្រូវបានសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ សម្រាប់ល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង»។ តាមការបញ្ជាក់របស់ រដ្ឋលេខាធិការខាងលើ បន្តថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវនេះមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានរំលេចនូវសោភណ្ឌភាពដងផ្លូវផងដែរ ហើយតាមលក្ខណៈបច្ចេកទេសការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវត្រង់ចំណុចដែលមានផ្លូវធំឆ្លងកាត់ និងទីតាំងដែលមានការឆ្លងកាត់ច្រើន តែត្រូវរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយទៀតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រនៅក្រៅទីប្រជុំជន និងចន្លោះពី៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រនៅក្នុងទីប្រជុំជន។

មន្រ្តីជាន់ខ្ពស់ក្រសួងរូបនេះបានបន្ថែមថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវមិនស្របតាមលក្ខណៈបច្ចេកទេសគឺជាបច្ច័យនាំឱ្យល្បឿននៃការបើកបរថយចុះ បង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យខាតបង់ទ្រព្យសម្បតិ្ត ពិការ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ និងងាយធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពក្រីក្រជាដើម។

ផ្លូវជាតិលេខ៣ (ពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស) គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ផ្លូវនេះអមដោយឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។ តាមការបន្ថែមទៀតរបស់ លោក ខាន់ ម៉ាណេរ។

លោក បញ្ជាក់ទៀតថា តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ និងចក្ខុវិស័យរបស់ខ្លួន ចៀសវាងផលវិបាកនានាដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ៕

ដោយ៖ Mowun Dyna