Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្នែករឹង-ទន់ ជាកម្លាំងចលករលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជា

ភ្នំពេញ៖ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាការបើកច្រកទ្វារអន្តរជាតិថ្មីជាមួយប្រទេសជិតខាង គឺជាកម្លាំងចលករលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជា ដែលអាចឱ្យកម្ពុជា ប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។ ជាការលើកឡើងរបស់ លោក ស៊ុន ចាន់ថុន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការលើកឡើងលើរបស់ លោក រដ្ឋមន្រ្តី នៅក្នុងពិធី ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោង ធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា» (ដំណាក់កាលទី២) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

ជាមួយគ្នានោះផងដែរ លោក ស៊ុន ចានថុល បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយបានស្នើភាគីថៃ ដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ(កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

នៅក្នុងពិធីខាងលើ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានគូសបញ្ជាក់អំពីកត្តាផ្សេងៗ ដែលចាំបាច់សម្រាប់ទ្រទ្រង់គម្រោងនេះ រួមមានបទដ្ឋានគតិយុត្តិ ប្រភពហិរញ្ញប្បទាន និងការចូលរួមពីវិស័យឯកជន ព្រមទាំងការបង្កើតនូវមជ្ឈមណ្ឌលទិន្នន័យភស្តុភារកម្ម ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា ដើម្បីជួយសម្រួលដល់ដំណើរការឯកសារផងដែរ។

បើតាមការឱ្យដឹងនៅក្នុងពិធីនេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុនបានបង្ហាញការគាំទ្រលើគម្រោងធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន ជាពិសេសការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ៕

ដោយ៖ Moeun Dyna