Register Already an agent ? Login

គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ឆ្នេរមាសតេជោសែន នៅខេត្តកំពត ក្រុមហ៊ុនគ្រប់គ្រង៦០% រដ្ឋ៤០% នៃផ្ទៃដី ២៣៤ហិកតា

កំពត៖ គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ ឆ្នេរមាសតេជោសែន ស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ផ្ទៃដី ៦០ភាគរយ សម្រាប់ក្រុមហ៊ុន IGB Cambodia CO.LTD និងផ្ទៃដី ៤០ភាគរយ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត សរុបផ្ទៃដីវិនិយោគ ២៣៤ហិកតា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមាន ៣៤ហិកតា។

បើតាមកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ ឆ្នេរមាសតេជោសែន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយ លោក ជាវ តាយ បានពិភាក្សាគ្នាទៅលើការសាងសង់រចនាសម្ព័ន្ធ ពិសេសលើផ្ទៃដីដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត និងការតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី។

បច្ចុប្បន្ន គម្រោងស្ថិតនៅក្នុងដំណាក់កាលបង្កើតសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍន៍នេះ។

ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច អភិបាលខេត្ត នឹងជំរុញឱ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀត និងការអភិវឌ្ឍន៍គម្រោងនេះបានឆាប់រហ័ស៕

ដោយ៖ Moeun Dyna