Register Already an agent ? Login

ក្រសួងរ៉ែនិងថាមពល ប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែ នៅខេត្តត្បូងឃ្មុំ និងរតនគិរី

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែ នៅខេត្តត្បុងឃ្មុំ និងខេត្តរតនគិរី ដែលអនុញ្ញាតឱ្យក្រុមហ៊ុនជាតិ-អន្តរជាតិ ដាក់ពាក្យប្រគួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរករ៉ែ។

សេចក្ដីប្រកាសរបស់ក្រសួងចុះថ្ងៃទី២ ខែកញ្ញា នេះ បានឱ្យដឹងថា តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១០៧,១០ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងតំបន់សម្បទានស្វែងរុករករ៉ែទំហំ ១០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។

ក្រសួងបានបន្ត សាធារណជន ក៏ដូចជាបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំ «ពាក្យស្នើ សុំអាជ្ញាបណ្ណស្វែងរុករករ៉ែដែលមានការបោះត្រាត្រឹមត្រូវ» នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៥) នៃទីស្ដីការក្រសួងរ៉ែ និងថាមពល។

ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និង របាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិត ដោយការខ្នងថា «ឯកសារស្នើសុំប្រកួត ប្រជែង» រួចដាក់មកក្រសួងតាម «ការិយាល័យច្រកចេញចូលតែមួយ» របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរ បំផុតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី។ តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាស។

គួររម្លឹងថា ទាក់ទិននឹងការរុករ៉ែនេះ កាលពីខែមេសា កន្លងមកនេះ មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ បានឱ្យដឹងថា កម្ពុជា រំពឹងទុកអាចទាញយករ៉ែមាសបានជិត ១លានអោន ឬប្រមាណជិត ៧សែនតម្លឹង តាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី៕

ដោយ៖ Moeun Dyna