Register Already an agent ? Login

រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដើម្បីបង្កើនចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន

ភ្នំពេញ៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) សិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំផែនការមេនេះ ត្រូវបានរំពឹងថានឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគតឆ្លើយតបនឹងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ ជាពិសេស ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាល។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន ៧រួមមាន៖ ១-យុទ្ធសាស្រ្ដអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប, ២-យុទ្ធសាស្រ្ដវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប, ៣-យុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់.

៤-យុទ្ធសាស្រ្ដពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប, ៥-យុទ្ធសាស្រ្ដក្នុងការគ្រប់គ្រងបរិស្ថានខេត្តសៀមរាប, ៦-យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាប, និង៧-យុទ្ធសាស្រ្ដអភិបាលកិច្ចសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប (ក្នុងនោះមានយុទ្ធសាស្រ្តចំនួន ៤៦ សកម្មភាពអនុវត្តចំនួន១៥១ ដែលបានកំណត់រយៈពេលនៃការអនុវត្ត: រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង)។

ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព (Alternative Tourism/Quality Destination)។

ផែនការមេនេះ មានការគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិឱ្យបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន ។

តាមការព្យាករណ៍ក្នុងឆ្នាំ២០៣៥ ទេសចរអន្តរជាតិនាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរជាតិ ចំនួន ១,២៨០លានដុល្លារ។ ជារួម ចក្ខុវិស័យរបស់ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប គឺការក្តាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងបំផុត របស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បង ក្នុងតំបន់អាស៊ីអាគ្នេយ៍។

គូសបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកញ្ញានេះ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌,លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា គណៈកម្មការកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍៕

ដោយ៖ Moeun Dyna