Register Already an agent ? Login

រដ្ឋាភិបាល សម្រេចបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ធ្វើផ្លូវ ៣៨ខ្សែនៅខេត្តសៀមរាប នឹងហើយនៅចុងឆ្នាំ២០២១

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបញ្ចេញកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីកាសាងផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប។ ជាការថ្លែងរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែកញ្ញា នេះ បានបញ្ជាក់ថា «សម្តេច នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ»។

ប្រមុខរាជរដ្ឋាភិបាលបន្តថា ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។

សម្ដេច បានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនោះ សម្ដេច នាយករដ្ឋមន្រ្តី បានអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើឱ្យយើងសន្សំបានថវិកាជាង ៦០០លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ ដែលដឹកនាំ ដោយសម្ដេច នាយរដ្ឋមន្រ្តី ហ៊ុន សែន ដែលមានរបៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ និងទី៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ក្នុងនោះមានដូចជា

-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។ -សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោគរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានដែរក៏មាន -សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ វិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ -សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីសេវាកម្ម។ -សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីការទទួលស្គាល់ទៅវិញទៅមកការផ្ដល់អាជ្ញាបណ្ណបាហុនិកា៕

ដោយ៖ Moeun Dyna