Register Already an agent ? Login

កម្ពុជាលក់អង្ករជាង ៤សែនតោន នៅទីផ្សារបរទេស ៨ខែនេះ ទទួលបានចំណូលជិត ៣០០លានដុល្លារ

ភ្នំពេញ៖  កម្ពុជាលក់អង្ករប្រមាណ ៤៤៨ ២០៣តោន នៅទីផ្សារបរទេស​ រយៈពេល៨ខែ ឆ្នាំ២០២០ ទទួលបានចំណូលជិត ៣០០លានដុល្លារ កើនឡើងជាង ៣១ភាគរយ ធៀបទៅនឹងរយៈពេលដូចនៅឆ្នាំ២០១៩ បានចំណូល ២៩៩.៩០លានដុល្លារ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

របាយការណ៍បានបន្តឱ្យដឹងថា ក្នុងរយៈពេល៨ខែនេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនបានចំនួន ១៥៩២៥៣តោន, សហគមន៍អ៊ឺរ៉ុបបានចំនួន ១៤៩ ៨៤៨តោន, បណ្តាប្រទេសសមាជិកអាស៊ានបានចំនួន ៦០៩៣៣តោន ហើយនិងបណ្តាប្រទេសផ្សេងៗចំនួន ២៦គោលដៅ រួមមាន ហ្កាប៊ុង អូស្ត្រាលី ជាដើមមានចំនួន ៧៨១៦៩តោន។

«ទីផ្សារអង្ករកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី កំពុងមានសន្ទុះយ៉ាងខ្លាំង ក្នុងរយៈពេល៨ខែ នៅក្នុង២ឆ្នាំចុងក្រោយនេះ ដែលកើនឡើងចំនួន ៩៤៦.២៧ភាគរយ គឺ នៅឆ្នាំ២០១៨ ចំនួន ១៩៩៩តោន និងក្នុងឆ្នាំ២០២០ ចំនួន ២០៩១៥តោន»។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍។

របាយការណ៍បានបន្តថា សម្រាប់ខែសីហាឆ្នាំ ២០២០ ការនាំចេញបានធ្លាក់ចុះប្រមាណជាង ៣៤ភាគរយ ប្រៀប រយៈពេលដូចគ្នា នៅឆ្នាំ២០១៩។ ការធ្លាក់ចុះ ទៅលើអង្ករប្រភេទស្រូវសែនក្រអូប បានធ្លាក់ចុះ ៨៥.៧៨ភាគរយ ដែលកាលពីខែសីហា ឆ្នាំ២០១៩ ការនាំចេញបានរហូតទៅដល់ ១៦ ៣៨៦តោន តែក្នុងខែសីហា ឆ្នាំ២០២០ បានត្រឹមតែ ២ ៣៣៨ តោនប៉ុណ្ណោះ។

របាយការណ៍ដដែលបានបន្ថែមឱ្យដឹងថា បរិមាណនាំចេញប្រភេទអង្ករគ្រាប់វែង (Indica rice) បានធ្វើឱ្យកម្ពុជាមានចំណែក នៅក្នុងទីផ្សារសហគមន៍អ៊ឺរ៉ុបលំដាប់លេខពីរ បន្ទាប់ពីប្រទេសថៃ ដែលបានកាន់កាប់ចំណែកទីផ្សារ ២៤.៤ភាគរយ ចំណែកថៃកាន់ ២៩.៦ភាគរយ។

ប្រទេសកម្ពុជា ឈរជើងលំដាប់ទី៥ បន្ទាប់ពីវៀតណាម មីយ៉ាន់ម៉ា ប៉ាហ្គីស្ថាន និងប្រទេសថៃ ដែលកម្ពុជាមានចំណែកទីផ្សារ ប្រមាណជិត ១១ភាគរយ នៃទីផ្សារអង្ករនាំចូលទៅកាន់ប្រទេសចិន លើប្រភេទអង្ករគ្រាប់វែង(Indica-Long grain) បើទោះជាអង្ករកម្ពុជា ទើបឈានចូលទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆ្នាំ២០១១ ប៉ុន្តែ បានទទួលនូវកំណើនយ៉ាងឆាប់រហ័ស ជាពិសេសប្រភេទអង្ករក្រអូបបានកើនជាង ៨០ភាគរយ នៅឆ្នាំ២០១៩ កាលពីឆ្នាំ២០១៥ មានត្រឹមតែ ៤៥.៣ភាគរយ តែប៉ុណ្ណោះ៕

ដោយ៖ Moeun Dyna