
ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជាកាន់តែមានសង្ឃឹមមួយកម្រិតទៀត ខណៈការិយាល័យសហប្រតិបត្តិការស្វីសបានពាំនាំដំណឹងមកជម្រាបប្រាប់ក្រសួងទេសចរណ៍ឱ្យដឹងថា រដ្ឋាភិបាលស្វីសនឹងបន្តជួយគាំទ្រលើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន រយៈពេល៤ឆ្នាំទៀត។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
ក្រសួង បានបន្តថា ការប្ដេជ្ញារបស់ ស្វីសនេះ ក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុលស្វីសប្រចាំកម្ពុជា នៅទីស្ដីការក្រសួងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីសនឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ជាការលើកឡើងរបស់ លោក ម៉ាខឺស ប័រលីថា គម្រោងនេះនឹងត្រូវអនុវត្តលើវិស័យជាច្រើនដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។

លោក បានបញ្ជាក់ «ដូច្នេះហើយទើបលោកចង់ជំរុញឱ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋមូលដ្ឋានទាំងនោះ ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាសរឹងមាំ អាចបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍បានច្រើន»។
នៅក្នុងជំនួបនោះ លោក ថោង ខុន បានបង្ហាញព័ត៌មានពិសេសមួយទៅកាន់លោក ម៉ាខឺស ដែរថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនទីចង្អុលទិស ឆ្នាំ២០២០-២០២៥ ដែលនឹងមានការចែកចេញជា៣ដំណាក់កាល រួមមាន៖ ឆ្នាំ២០២០-២០២១ ជាដំណាក់កាលមុនការងើបឡើងវិញនូវវិស័យទេសចរណ៍ ដែលស្ថិតក្នុងពេលគ្រប់គ្រងវិបត្តិ, ឆ្នាំ២០២១-២០២៣ ជាដំណាក់កាលដោះស្រាយផលលំបាកនានា ដែលកើតចេញពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីជួយដល់វិស័យទេសចរណ៍ និងឆ្នាំ២០២៣-២០២៥ ជាដំណាក់កាលពង្រឹងវិស័យទេសចរណ៍ឡើងវិញ ដើម្បីវឌ្ឍនភាពទៅថ្ងៃអនាគត។

នាឱកាសនោះ លោក រដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើផ្នែកទេសចរណ៍សហគមន៍ ដើម្បីធ្វើយ៉ាងបង្កើនការបណ្ដុះបណ្ដាលលើផ្នែកគុណភាពសេវាកម្មទេសចរណ៍ដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋានឱ្យបានកាន់តែច្រើន ហើយឆ្លើយតបទៅនឹងបរិបទថ្មីក្រោយវិបត្តិជំងឺកូវីដ-១៩ ឬNew Normal Life។
គួររម្លឹកថា កន្លងមក កម្ពុជា-ស្វីស
ធ្លាប់បានសហការគ្នាលើការអភិវឌ្ឍន៍ទេសចរណ៍ តួយ៉ាងមានដូចជា
គម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា
ដើម្បីឱ្យពួកគេមានចំណេះជំនាញស្របតាមស្ដង់ដាអាស៊ាន។
ក៏មានដែរនូវការជួយរៀបចំស្ដង់ដាទទួលស្គាល់អ្នកដែលមានការងារក្នុងវិស័យទេសចរណ៍
តែមិនទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រ
ខណៈគម្រោងទាំងនេះសុទ្ធមានរយៈពេល៤ឆ្នាំដូចគ្នា។
កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ
ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ Swiss contact លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម
ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី
និងខេត្តរតនគិរី៕
ដោយ៖ Moeun Dyna