Register Already an agent ? Login

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុឆ្លងកាត់ខេត្តកំពង់ស្ពឺ ការដោះស្រាយផលប៉ះពាល់បានជាង ៩០%

ភ្នំពេញ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ ឆ្លងកាត់ខេត្តកំពង់ស្ពឺ លោក អភិបាលខេត្តបានដោះស្រាយផលប៉ះពាល់បានជាង ៩០ភាគរយ គិតដើមខែកញ្ញានេះ ដែលមានប្រជាពលរដ្ឋ ៣០០០គ្រួសារ ប៉ុន្តែនៅសល់តែប៉ុន្មានគ្រួសារប៉ុណ្ណោះកំពុងដោះស្រាយ។

តាមការថ្លែងឱ្យបញ្ជាក់ពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺថា នៅសល់តែ​ប្រជាពលរដ្ឋនៅ​ក្នុងភូមិ​ពាន​ទុង មួយចំនួន​តូចប៉ុណ្ណោះ។ ​ ​បើតាម​គម្រោង នឹងត្រូវ​ប្រជុំ​ជាមួយ​ពួកគាត់​នៅ​ថ្ងៃទី៤ ខែកញ្ញានេះ ប៉ុន្តែ​ដោយសារតែ​ត្រូវ​ចូលរួម​ប្រជុំ​គណៈរដ្ឋមន្ត្រី តាមរយៈ​វីដេអូ​ជាមួយ​សម្ដេច ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវ​ពន្យា​ពេល​ជួប​ជាមួយ​ពួកគាត់ រហូតដល់​ថ្ងៃ​ទី៧​ សប្ដាហ៍​ក្រោយ​វិញ។

លោក អភិបាលខេត្ត ថា សម្រាប់​ការដោះស្រាយផលប៉ះពាល់លើ​គម្រោង​មួយ​នេះ ហាក់​មិនមាន​ផល​លំបាក​នោះទេ ដោយសារតែ​​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​យល់ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ។

សូមរម្លឹកថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿននេះ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លង ក្រោម​អធិបតីភាព  សម្តេច នាយករដ្ឋមន្ត្រី​។ ក្នុងពិធីនោះ ​សម្តេច​បានថ្លែងថា «គម្រោង​នេះ គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ»។

គូសបញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវខាងលើ ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង ៨,៣០គីឡូម៉ែត្រ, ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ, កំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ, ខេត្តកោះកុង​ ១,៩២គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ ៨៩,៨៩គីឡូម៉ែត្រ។ ការស្ថាបនា​ផ្លូវ​នេះ ក្នុងគម្រោង​ចំណាយ​ថវិកា​សរុបជាង ២,០០០លាន​ដុល្លារ ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ គម្រោង​នេះ ត្រូវបាន​ផ្តល់​ការប្រឹក្សា​បច្ចេកទេស​សាង សង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើ​រយៈពេល​សាងសង់ ៤៨ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ២០១៩ ដល់​ខែមីនា ឆ្នាំ២០២៣៕

ដោយ៖ Moeun Dyna