Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ បច្ចុប្បន្នភាព មានវិបត្តិជំងឺកូវីដ-១៩ រដ្ឋាភិបាលនៅតែបន្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្សារភ្ជាប់គមនាគមន៍ជាមួយប្រទេសជិតខាង

ឧត្ដរមានជ័យ៖ បច្ចុប្បន្នភាព ទោះបីមានវិបត្តិជំងឹកូវីដ-១៩ ក្រសួងក៏ដូចជារាជរដ្ឋាភិបាលនៅតែបន្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍរបស់ខ្លួន ជាមួយគ្នានេះបានផ្សារភ្ជាប់គមនាគមន៍ជាមួយប្រទេសជិតខាង។ ហើយដៃគូអភិវឌ្ឍន៍នៅតែបន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលលើគម្រោងពង្រឹង ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា។ ជាការលើកឡើងរបស់ លោក ស៊ុន ចាន់ថុន រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។

នាឱកាស នាំយកសម្ភារបរិក្ខារ និងថវិកាចែកជូនកងទ័ពការពារព្រំដែនគោកលេខ៤០៣ (អន្លង់វែង) និង៤០២ (អូរស្មាច់) ឈរជើងបំពេញភារកិច្ចជួរមុខតាមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ នារដូវបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២ ខែកញ្ញា ​ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម ការស្ដារផ្លូវដែកទាំងពីរខ្សែ និងការចុះហត្ថលេខាលើ MoU ជាមួយប្រទេសថៃទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន។

លោក រដ្ឋមន្រ្តីបានបន្តទៀតថា ការពង្រីកកំពង់ផែកុងតឺន័រក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ហើយនិងការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរ, ការរៀបចំផែនការមេភស្ដុភារកម្ម ផែនការមេគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀត ព្រមទាំងយន្តការទប់ស្កាត់ លុបបំបាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម។

គម្រោងធំៗមួយចំនួន ដែលបានសិក្សារួច និងគម្រោង ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កិច្ចសហការជាមួយភាគីវៀតណាមសិក្សាលទ្ធភាពសាងសង់ផ្លូវដែកពីភ្នំពេញ-ហូជីមិញ កិច្ចសហការជាមួយក្រុមហ៊ុនឯកជនសិក្សាលទ្ធភាពសាងសង់ផ្លូវដែកទំនើបម៉ូណូរ៉េល ផ្លូវដែកក្រោមដីក្នុងទីក្រុងភ្នំពេញ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត។ ជាការបន្ថែមរបស់ លោក រដ្ឋមន្រ្តីដឹកជញ្ជូន។

ទាក់ទងនឹងការដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងបានដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុង ការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានច្រើនកន្លែង រថយន្តឆៀកចល័ត ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ថែមទាំងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សូមបញ្ជាក់ថា កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក ឌី រ៉ាដូ អភិបាលរង តំណាង អភិបាលខេត្ត លោក សូរ្យ ណារ៉ា មេបញ្ជាការរងយោធភូមិភាគទី៤ ប្រធានគណៈបញ្ជាការសមរភូមិទិសទី២ លោក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ (អន្លង់វែង) ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានប្រមាណ៨០០នាក់៕

ដោយ៖ Moeun Dyna