Register Already an agent ? Login

រយៈពេល ៨ខែ កម្ពុជានាំអង្ករទៅ ៥៩ប្រទេស ដែលចិនឈរលេខ១ បារាំងលេខ២ និងហ្កាបុងលេខ៣

ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២០ កម្ពុជានាំអង្ករទៅ ៥៩ប្រទេស ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានចំនួនសរុប ៤៤៨ ២០៣តោន ក្នុងនោះ ប្រទេសចិនឈរលំដាប់លេខ១ ចំនួន ១៥៩​ ២៥៣តោន, ប្រទេសបារាំងឈរលំដាប់ទី២ ចំនួន ៥៤ ៩៦៤តោន និងប្រទេសហ្កាបុងបានឈរនៅលំដាប់លេខ៣ ចំនួន ៣៤ ៤៦៦តោន។ បើតាមរបាយការណ៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

របាយការណ៍បានឱ្យដឹងបន្តថា ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៤ ចំនួន ២៣​ ២០១តោន, ប្រទេសអូស្រ្តាលីឈរលំដាប់ទី៥ ចំនួន ២០ ៩១៥តោន, ប្រទេសហូឡង់ឈរលំដាប់ទី៦ ចំនួន ១៨ ៥៣៤តោន, ប្រទេសវៀតណាមឈរលំដាប់ទី៧ ចំនួន ១២ ៨៣៦តោន, ប្រទេសអង់គ្លេសឈរលំដាប់ទី៨ ចំនួន ១១ ៣៥៦តោន, ប្រទេសប្រ៊ុយណេឈរលំដាប់ទី៩ ចំនួន ១០ ៥០០តោន និងប្រទេសអេស្ប៉ាញឈរលំដាប់ទី១០ ចំនួន ១០ ១១១តោន។

នៅក្នុងរបាយការណ៍ឱ្យដឹងបន្តទៀតថា បរិមាណអង្ករ ដែលនាំចេញទៅកាន់ប្រទេសជាគោលដៅសហភាពអឺរ៉ុបចំនួន ២៤ប្រទេស សរុបចំនួន ១៤៩ ៨៤៨តោន (៣៣,៤៣ភាគរយ), ចិន សរុបចំនួន ១៥៩​ ២៥៣តោន (៣៥,៥៣ភាគរយ), ប្រទេសអាស៊ាន សរុបចំនួន ៦០ ៩៣៣តោន (១៣,៥៩ភាគរយ) និងទិសដៅដទៃទៀតចំនួន ២៨ប្រទេស សរុបចំនួន ៧៨ ១៦៩តោន (១៧,៤៤ភាគរយ)។

«៨ខែ ឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករជាង ៤សែនតោន មានការកើនឡើងចំនួន ១០៦ ១០៨តោន (+៣១,០៤%) ច្រើនជាងបរិមាណ នាំចេញ ៨ខែ ឆ្នាំ២០១៩ ដែលមានចំនួន ៣៤២០៤៥តោន»។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ បន្តទៀតថា ប៉ុន្តែបើប្រៀបធៀប ការនាំចេញអង្ករ ក្នុងខែសីហា ឆ្នាំ២០២០ មានចំនួន ២២ ១៣០តោន ថយចុះចំនួន ១១ ៩០២តោន (-៣៤,៩៧%) តិចជាងបរិមាណនាំចេញ នៅឆ្នាំ២០១៩ ដែលមានចំនួន ៣៤ ០៣២តោន។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ទៀតថា «អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៥២ ៨០២តោន ស្មើនឹង ៧៨,៧១ភាគរយ, អង្ករ ស គ្រប់ប្រភេទមានចំនួន ៨៩ ៦៩៩តោន ស្មើនឹង ២០,០១ភាគរយ, អង្ករចំហុយមានចំនួន ៥ ៦៧៩តោន ស្មើនឹង ១,២៧ភាគរយ, អង្ករក្រហមចំនួន ២៣តោន ស្មើនឹង០,០១ភាគរយ។ ក្នុងចំណោមអង្ករក្រអូបទាំងនេះ អង្ករផ្លារំដួល/ផ្កាម្លិះមានចំនួន ២៣៤ ៦០៥តោន ស្មើនឹង ៥២,៣៤ភាគរយ»។

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៧១ក្រុមហ៊ុន។ បរិមាណអង្ករ ដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗ ទាំង១០ មានរហូតដល់ ៣០៤ ៤៤៩តោន (៦៧,៩៣%) នៅពេលដែលបរិមាណ នាំចេញទៅកាន់ទិសដៅរបស់ក្រុមហ៊ុន ៦១ដទៃទៀតបានត្រឹមតែ ១៤៣ ៧៥៤តោន (៣២,៧%)។ តាមការបន្ថែមនៅក្នុងរបាយការណ៍ដដែល៕

ដោយ៖ Moeun Dyna