
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិចុងហ្វា ដែលមានកម្ពស់ ១៨០ម៉ែត្រ មានចំនួន ៦០ជាន់ គម្រោងសាងសង់ចប់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ នឹងក្លាយជាអគារពហុបំណង និងជាអគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញ ស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នៅក្នុងពិធីសម្ពោធការបញ្ចប់គ្រោងអគារអន្តរជាតិចុងហ្វាង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ បានថ្លែងថា ជុំវិញនិងការបង្កើតអគារអន្តរជាតិចុងហ្វាងនេះឡើង រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច នាយករដ្ឋមន្រ្តី ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ មានសេចក្តីពេញចិត្ត និងចូលរួមអបអរសាទរចំពោះគម្រោងដ៏ធំមហិមា នឹងខ្ពស់ជាងគេនៅទីនេះ។

លោករដ្ឋមន្រ្តី បានបន្តថា ក៏ដូចជាគម្រោងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគម្រោងទាំងនេះ សុទ្ធតែជាគម្រោងមានការទទួលគាំទ្រដ៏ខ្លាំងក្លា ពីថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។

លោក បានបញ្ជាក់ «អគារអន្តរជាតិចុងហ្វាង ដែលខ្ពស់ជាងគេនេះ ក្រោយពីការសាងសង់រួច នឹងអាចទាក់ទាញអតិថិជនជាច្រើនចូលមកទស្សនា និងទំនាក់ទំនងអាជីវកម្ម ព្រោះជាអគារពហុបំណង មានជាច្រើនវិស័យដូចជា៖ ធនាគារពាណិជ្ជកម្មចិន, មានមជ្ឃមណ្ឌលបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម, ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា, មជ្ឈមណ្ឌលទេសចរណ៍, ពាណិជ្ជកម្ម និងជាអគារហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោក ចម ប្រសិទ្ធ បន្ថែមថា ជាពិសេសមានភោជនីយដ្ឋាននៅជាន់ខ្ពស់ជាងគេនៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្តលំហែរកាយរបស់អតិថិជន។
នៅក្នុងពិធីនេះដែរ លោកឧកញ៉ា ជា សុខហេងបានថ្លែងបញ្ជាក់ «ទោះបីមានជំងឺឆ្លងកូវីដ-១៩ កើតមានឡើងក្នុងឆ្នាំ២០២០នេះក៏ដោយចុះ ប៉ុន្តែដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅតែបន្តជានិច្ច ហើយទៅថ្ងៃមុខគម្រោងអគារខ្ពស់ៗនឹងកើតឡើងជាបន្តបន្ទាប់ទៀត»។

លោក ឧកញ៉ា បានថ្លែងបញ្ជាក់ឱ្យដឹងថា អគារអន្តរជាតិចុងហ្វាងនេះ គឺជាគម្រោងទី១, ចំណែកគម្រោងទី២ នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយគ្រោងសាងស់សរុបផ្ទៃក្រឡារង្វង់១ លានម៉ែត្រការេ។
លោក បន្តថា ចំណែកគម្រោងទី៣ គ្រោងចាប់សាងសង់នៅខេត្តកោះកុង និងគម្រោងទី៤ គ្រោងសាងសង់នៅកែបថ្មី ឬឆ្នេរថ្មីនៅក្នុងទឹកដីខេត្តកំពត និងនៅមានគម្រោងជាច្រើន ដែលគ្រោងនឹងចាប់អភិវឌ្ឍន៍ជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងគម្រោងសាងសង់នេះ លោកឧកញ៉ា ជា សុខហេង និងលោក Xie Xudong តំណាងក្រុមហ៊ុន ចុងហ្វាង អិនធ័រណេសិនណល នៅកម្ពុជា បានថ្លែងរួមគ្នាថា កម្ពុជា-ចិន គឺជាមហាមិត្តដែកថែប បច្ចុប្បន្នប្រទេសទាំងពីរបានរឹងចំណងយ៉ាងស្អិតល្មួត ទាំងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជាក់ស្តែងអគារដ៏ធំស្កឹមស្កៃមួយនេះ បានកំពុងកើតឡើងនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលសាងសង់ឡើង កម្ពស់ ១៨០ម៉ែត្រ មានចំនួន ៦០ជាន់ គ្រោងនឹងសាងសង់ចប់ទាំងស្រុង នៅក្នុងខែធ្នូ ឆ្នាំ២០២០នេះ៕



ដោយ៖ Moeun Dyna