Register Already an agent ? Login

គម្រោងសាងសង់ទីលានចាក់សំរាមលើដីជាង ១៧ហិកតា នៅខេត្តព្រះសីហនុការងារបឋមសម្រេចបាន ១០០%

ព្រះហីហនុ៖ ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្កា និងសម្អាតផ្ទៃដី ១៧,៣៣ហិកតា សម្រេចបាន ១០០ភាគរយហើយ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ តាមការឱ្យដឹពី លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិ ក៏មានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាមរបស់ក្រសួងផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុ ងខេត្តព្រះសីហនុដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុងទំហំទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារ រយៈពេលសាងសង់ ១៧ខែ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។

នៅក្នុងកិច្ចប្រជុំ លោក អនុរដ្ឋលេខាធិការបានថ្លែងថា គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល ៥ឆ្នាំដំបូង មានសមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤,០៨៨ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម ១៣០ម៉ែត្រ និងបណ្ដោយ ១៥០ម៉ែត្រ ជម្រៅចាប់ពី ២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ។

នាឱកាសនោះ លោក បានគូសបញ្ជាក់អំពីសារសំខាន់នៃការតាមដាន និងវាយតម្លៃផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចគោលដៅតាមការគ្រោងទុក និងបានណែនាំឱ្យសមាជិកសមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាម បង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។

«ការសាងសងទីលានចាក់សំរាមថ្មីនេះ នឹងជួយលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ នឹងធ្វើឱ្យសុខមាលភាពសាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ»។ តាមការបញ្ជាក់ របស់ កឹម បូរី៕

ដោយ៖ Moeun Dyna