
ភ្នំពេញ៖ របាយការណ៍ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតពីដើមឆ្នាំ ដល់ត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន ១៣០គម្រោង ទុនវិនិយោគសរុបប្រមាណ ២៤០០លានដុល្លារ។
នៅក្នុងរបាយការណ៍បានបន្តឱ្យដឹងថា នៅក្នុងគម្រោងវិនិយោគ ដែលកម្ពុជាទទួលបានចំនួន ១៣០ក្រុមហ៊ុន ក្នុងនោះ គម្រោងរោងចក្រកាត់ដេរសំលៀកបំពាក់មានចំនួន ៤០ក្រុមហ៊ុន, ផ្នែកអគ្គិសនី និងគ្រឿងបរិក្ខារផ្សេងៗមានចំនួន ១៣ក្រុមហ៊ុន, រោងចក្រផលិតកាបូប និងស្បែកជើង ២០ក្រុមហ៊ុន, រោងចក្រការតុង ៩ក្រុមហ៊ុន, កសិដ្ឋាន និងរោងចក្រកែច្នៃ ១០ក្រុមហ៊ុន, សណ្ឋាគារ ៧គម្រោង, រោងចក្រតម្លើងគ្រឿងបង្គុំចំនួន ៧ក្រុមហ៊ុន, ផ្សារទំនើបមានចំនួន ៣គម្រោង និងមានគម្រោងផ្សេងៗទៀតជាច្រើន។
បើតាមរបាយការណ៍បានបញ្ជាក់ថា «គម្រោងខាងលើបានចូលរួមចំណែកបង្កើនសេដ្ឋកិច្ច និងការបង្កើតការងារឱ្យប្រជាពរដ្ឋជាច្រើនថែមទាំងបានកាត់បន្ថយការចំណាកស្រុកផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែជំរុញ និងលើកទឹកចិត្តចំពោះវិនិយោគិនបរទេស មកបណ្ដាក់ទុននៅកម្ពុជា ជាមួយគ្នានោះបានបើកចំហរជើងមេឃ ដើម្បីស្រូបយកសក្ដានុពលលើការវិនិយោគជាបន្តបន្ទាប់ ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានវឌ្ឍនភាព៕
ដោយ៖ Moeun Dyna