Register Already an agent ? Login

រយៈពេលឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ ៥ថ្ងៃនៅខែសីហា ទេសចរដើរកម្សានទូទាំងប្រទេស ១.៤លាននាក់

ភ្នំពេញ៖ រយៈពេល ៥ថ្ងៃនៃការឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរបានដើរកម្សាន្តទូទាំងប្រទេសមានចំនួន ប្រមាណ ១.៤៥៩.៣៨៦នាក់ ចំនួននេះ ទេសចរជាតិចំនួនប្រមាណ ១.៤៤៥.២៣៨នាក់ និងអន្តរជាតិចំនួនប្រមាណ ១៤.១៤៨នាក់។ បើតាមរបាយការណ៍របស់់ក្រសួងទេសចរណ៍។

របាយការណ៍របស់ក្រសួងបានបន្តថា ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ មាន ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩នាក់, ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥នាក់, ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧នាក់, ថ្ងៃទី៤ ប្រមាណ ៣៣៤.៣៩១នាក់, ថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤នាក់។

តាមការកត់សម្គាល់បន្ថែម និងការវាយតម្លៃបឋម យើងសង្កេតឃើញថា រាជធានីខេត្តទាំងអស់បានខិតខំរៀបចំគោលដៅទេសចរណ៍ និងបង្ហាញផលិតផលទេសចរណ៍ថ្មីៗ ដួចនៅខេត្តសៀមរាប រដ្ឋបាលខេត្តបានខិតខំរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ «សម្រាកសៀមរាប» ទាំងព្រឹត្តិការណ៍កីឡា ទេសចរណ៍ វប្បធម៍ ប្រពៃណី ។ល។ ដែលបានទាក់ទាញទេសចររាប់ម៉ឺននាក់ទៅកម្សាន្តនៅខេត្តសៀមរាប។ បើតាមក្រសួងទេសចរណ៍។

ក្រសួងបានបន្តថា ក្នុងដំណើរការរៀបចំនេះ រដ្ឋបាលខេត្តបានសហការជាមួយគ្រប់ផ្នែកពាក់ពាន់ និងវិស័យឯកជន ខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសនៅកន្លែងប្រារព្វពិធី។

«ភ្ញៀវទេសចរភាគច្រើនបានដើរកម្សាន្តជាក្រុមគ្រួសារ និងជាច្រើនគោលដៅដោយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយ ហើយខ្លះបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់ហូបចុកក្នុងដំណើរកម្សាន្ត»។ តាមការបញ្ជាក់របស់ក្រសួង បន្តទៀតថា តាមការអង្កេតជាក់ស្តែង មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ មិនមានការតំឡើងថ្លៃហួសហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារទេ ទោះបីនៅតាមគោលដៅទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅដោយសារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយក៏ដោយ។ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់។

បញ្ហាសំរាម ទោះបីរដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធមានការខិតខំច្រើន តែនៅតែជាបញ្ហាស្មុគ្រស្មាញនៅឡើយដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។ ជាការបន្ថែមរបស់ក្រសួង។

ក្រសួងបានបន្ថែមទៀតថា ជារួមប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ ខណៈដែលការចំណាយរបស់ភ្ញៀវបានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន។ មូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានបើកទទួលភ្ញៀវ រាប់តាំងពីសេវាស្នាក់នៅ និងម្ហូបអាហារ មគ្គុទេ្ទសក៏ទេសចរណ៍មួយចំនួនក៏បានទទួលការងារពីលំហូរភ្ញៀវទេសចរដ៏ច្រើននេះ ប៉ុន្តែសណ្ឋាគារកម្រិតខ្ពស់ដែលធ្លាប់ទទួលភ្ញៀវអន្តរជាតិ ពុំទាន់បើកដំណើរការនៅឡើយ ជាពិសេសនៅខេត្តសៀមរាប៕

ដោយ៖ Moeun Dyna