Register Already an agent ? Login

ផ្ទៃដីស្រែសរុបចំនួន ៥៧៥ហិកតា ដែលមាន ១៣ភូមិនៅក្នុងខេត្តត្បូងឃ្មុំ ជួបគ្រោះរាំងស្ងួតខ្វះទឹកស្រោចស្រព

ត្បូងឃ្មុំ៖ ផ្ទៃដីស្រែសរុបចំនួន ៥៧៥ហិកតា​ បានជួបគ្រោះរាំងស្ងួតខ្វះទឹកស្រចស្រព ដោយមិនមានការលូតលាស់ក្រិនឡើងពណ៌ក្រហមខូចខាតទាំងស្រុងចំនួន ១៣ភូមិ ក្នុងចំនួនសរុប ២២ភូមិ ស្ថិតក្នុងឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ។ បើតាមការឱ្យដឹងពីក្រសួងធនធានទឹក។

ក្រសួងបានបន្តថា លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងមន្ទីរធនធានទឹកខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះពិនិត្យស្រូវវស្សារងការខូចខាតដោយគ្រោះរាំងស្ងួត មានទីតាំងនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។

តាមការពិនិត្យ និងវាយតម្លៃជាក់ស្តែងការខូចខាត ផ្ទៃដីស្រូវស្រាលលើកទី១ ចំនួន ៥៧៥ហិកតា បានជួបគ្រោះរាំងស្ងួតមិនមានការលូតលាស់ក្រិនឡើងពណ៌ក្រហមខូចខាតទាំងស្រុង។ តាមការបន្តទៀត របស់ក្រសួងធនធានទឹក បញ្ជាក់ «នៅទីតាំងខូចខាតខាងលើមិនមានប្រភពទឹកបូមសម្រាប់ជួយសង្រ្គោះស្រូវបានទេ ដោយពឹងផ្អែកលើទឹកភ្លៀងទាំងស្រុង កន្លងមកភូមិ ឃុំ និងមន្ទីរធ្លាប់បានជូនដំណឹងដល់បងប្អូនកសិករឱ្យបន្ថយការដាំដុះស្រូវព្រោះត្រូវការទឹកច្រើន ដោយបង្វែរមកដាំដំណាំរួមផ្សំជំនួសវិញប្រើប្រាស់ទឹកតិច»។

ចំពោះស្ថានភាពទឹកស្រោចស្រពក្រោយពីសាបព្រោះលើកទី២ គឺរំពឹងទៅលើទឹកភ្លៀង ដោយពេលវេលានេះស្ថិតនៅពាក់កណ្តាលរដូវវស្សា ហើយដូចនេះទឹកភ្លៀងអាចនឹងមានធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យស្រូវព្រោះលើកទី២ មានការលូតលាស់បាន។ ជាការបន្ថែមរបស់ ក្រសួងដដែលថា ស្ថានភាពទឹកភ្លៀងពីដើមឆ្នាំមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានចំនួន៥១២,១មីលីម៉ែត្រ នៅពេលវេលាដូចគ្នាឆ្នាំ២០១៩ មានចំនួន ៨៣២,៥មីលីម៉ែត្រ ដែលច្រើនជាងឆ្នាំ២០២០ ចំនួន ៣២០,៤មីលីម៉ែត្រ។

ការងារបង្កបង្កើនផលស្រូវវស្សាគិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ អនុវត្តបានចំនួន ៧០.១៥០ហិកតា ស្មើ នឹង៩០,៦៥ភាគរយ នៃផែនការចំនួន ៧៧.៣៨០ហិកតា។ បើតាមការបន្ថែមរបស់ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា តាមការវាយតម្លៃស្ថានភាពទឹកស្រោចស្រពស្រូវវស្សានៅគ្រប់ ៧ក្រុង/ស្រុក រហូតមកដល់ពេលនេះ មិនទាន់មានគ្រោះខ្វះទឹកនៅឡើយទេ ក្រៅពីតំនប់រងគ្រោះខាងលើនេះ។

ក្រសួងបន្ថែមទៀតថា វិធានការដំណោះស្រាយចំពោះមុខ តាមការពិនិត្យ និងសំណូមរបស់លោកមេឃុំអញ្ចើម សុំស្តារត្រពាំង ១កន្លែង ដែលបច្ចុប្បន្នបាត់បង់តួនាទីទាំងស្រុងមិនអាចផ្ទុកទឹកបានទេ មានទំហំផ្ទៃដីជាង ៤ហិកតា មានឈ្មោះថាត្រពាំងសាលា និងស្តារប្រឡាយ ១ខ្សែប្រវែង ២គីឡូម៉ែត្រ មានទីតាំងនៅភូមិកំពែងឃុំអញ្ចើម៕

ដោយ៖ Moeun Dyna