
កណ្ដាល៖ លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានអំពាវនាវអ្នកវិនិយោគិន មកបណ្ដាក់ទុនរកស៊ី នៅខេត្តកណ្ដាលឱ្យបានច្រើន ដែលជាខេត្តមួយជាប់រាជធានីភ្នំពេញ កំពុងតែមានការអភិវឌ្ឍន៍ មានវិសាលភាពផ្ទៃដីធំទូលាយ មានផ្លូវជាតិសំខាន់ៗជាច្រើនដែលឆ្លងកាត់ខេត្តកណ្ដាល ជាពិសេសខេត្ត មានសក្កានពលធនធានធម្មជាតិជាច្រើន ដែលបម្រើឱ្យ វិសយ័កសិកម្ម វិស័យទេសចរណ៍ និងរមណីយដ្ឋាន វប្បធម៏ប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះហើយដែលធ្វើឱ្យអ្នកវិនិយោគទុនទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី។
ការអំពាវនាវ របស់ លោក អភិបាលខេត្តកណ្ដាល ក្នុងជំនួបពិភាក្សាជាមួយ លោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមណីយដ្ឋានភូមិផ្កាត្រកួន បង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ វិនិយោគវិសយ័ទេសចរណ៍របស់លោកដែល មានទីតាំង ក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងកិច្ចជួបពិភាក្សានេះ លោក គង់ សោភ័ណ្ឌ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគ លើវិស័យទេសចរណ៍ រមណីយដ្ឋានធម្មជាតិបែបនេះ។ លោក អភិបាលថ្លែងថា គឺមិនគ្រាន់តែបានបង្កើតបានការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវការទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកលំហែកម្សាន្ត ជាច្រើនទៀតផង។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានស្នើឱ្យម្ចាស់រមណីយដ្ឋាន ត្រូវយកចិត្តទុកដាក់ គិតគូរជាចម្បងបញ្ហាអនាមយ័បរិស្ថាន សេវាកម្មបម្រើ និងបញ្ហាតម្លៃ ហូបចុកឱ្យមានលក្ខណៈ ថោកសមរម្យនិងអាចទទួលយកបាន៕


ដោយ៖ Moeun Dyna