
កំពង់ស្ពឺ៖ ផ្លូវជាតិលេខ៥១ ប្រវែង៣៧,៩៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ចំណាយថវិកាជាង ៤០,៨៨ លានដុល្លារអាមេរិក លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន តំណាង លោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាពផ្លូវ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ផ្លូវជាតិលេខ៥១ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានប្រគល់ទទួលជាបណ្ដោះអាសន្ននៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់ដដែល។

នៅក្នុងកិច្ចប្រជុំក្រោយការចុះពិនិត្យគុណភាពនៃការសាងសង់ លោក រដ្ឋលេខាធិការបានថ្លែង អំពីការយកចិត្តទុកដាក់របស់គណៈកម្មការជំនាញ និងក្រុមការងារពិសេសទាក់ទងនឹងគុណភាព និងបច្ចេកទេសនៃការសាងសង់ ក៏ដូចជាប្រព័ន្ធលូ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ចាប់តាំងពីការចាប់ផ្ដើមសាងសង់រហូតដល់ការបញ្ចប់ការសាងសង់កំណាត់ផ្លូវនេះ។

លោក បានថ្លែងបន្តថា ក្រសួងប្រគល់ផ្លូវនេះទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។

លោក រដ្ឋលេខាធិការរូបនេះ បានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារជំនាញរបស់ក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់ឱ្យមានគុណភាពល្អ ស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងសោភ័ណភាពល្អ។

ក្នុងឱកាសនោះ លោក ខាន់ ម៉ាណេរ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយការធ្វេសប្រហែសធ្វើឱ្យ មានវិប្បដិសារីអស់មួយជីវិត។ ជាមួយគ្នា លោក ក៏បានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់បណ្ដាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល៕


ដោយ៖ Moeun Dyna