Register Already an agent ? Login

អន្តរក្រសួងកំពុងសិក្សា ចងក្រងឯកសារទីតាំងដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីកាត់ឱ្យប្រជាពលរដ្ឋរស់នៅជាក់ស្ដែក្នុងខេត្តកោះកុង

ភ្នំពេញ៖ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃ១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន បាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីត្រៀមកាត់ឱ្យប្រជាប្រពលរដ្ឋ។

លោក សាយ សំអាល់  មានប្រសាសន៍ថា ចំពោះកិច្ចប្រជុំថ្ងៃនេះគឺ គោរពតាម អនុសាសន៍ណែនាំ របស់ សម្តេច នាយករដ្ឋមន្រ្តី និងសេចក្តីប្រកាសព៍ត័មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២០។ លោក បន្តថា និងអនុសាសន៍រម្លឹកឡើងវិញ របស់សម្តេច​ ហ៊ុន សែន ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រគល់ភារកិច្ចជូន ទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

ជាមួយគ្នានោះ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេច ស្តីពី «ការបង្កើតក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដែលមានក្រុមការងារអន្តរក្រសួង និងអនុក្រុមការងារចុះទីវាលក្រុង/ស្រុកទាំង ៧នៃខេត្តកោះកុង៕

ដោយ៖ Moeun Dyna