Register Already an agent ? Login

កម្ពុជា ចុះMoU ជាមួយស្វីស ផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅភូមិភាគឦសាន្ត រយៈពេល ៥ឆ្នាំ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើការបណ្តុះបណ្តាលជំនាញវិជ្ជា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងផ្តោតជីវៈទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ នៅតាមខេត្តគោលដៅចំនួន ៥រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តព្រះវិហារ។ បើតាមទំព័រហ្វេសប៊ុកក្រសួងទែសចរណ៍។

គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ ជាពិសេសលើការជំរុញបណ្តុះបណ្តាលជំនាញថ្មី និងបន្ថែមក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងខេត្តគោលដៅទេសចរណ៍ទាំង៥ ដើម្បីទទួលបានចំណេះដឹង និងជំនាញ និងដើម្បីជាច្រកសម្រាប់បន្តការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម និងពេញមួយជីវិត។ ជាការថ្លែងរបស់ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។

លោក បន្តថា គម្រោងនេះ ក៏នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍ លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ។

«សម្រាប់គម្រោងជំហានទី២ ផ្តោតសំខាន់លើការអភិវឌ្ឍជំនាញ (Re-Skilling and Up-Skilling) ជំរុញទីផ្សារការងារ ពង្រឹងសហគ្រិនភាពក្នុងវិស័យទេសចរណ៍ និងការអនុវត្តបច្ចេកវិទ្យាក្នុងការអប់រំ និងបណ្តុះបណ្តាល ស្របតាមផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍»។ ជាការបញ្ជាក់របស់ ប៉ាក់ សុខុម។

គូសបញ្ជាក់ថា ការចុះហត្ថលេខាលើ MoU នេះបានធ្វើឡើងកាលពិថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Naddia Ottiger នាយិការងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)។

សូមរម្លឹកថា កន្លងមកតាមរយៈ SDP ជំហានទី១ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដោយបានបណ្តុះបណ្តាលយុវជន យុវនារី លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងកម្មវិធីសិក្សាពេញម៉ោងចំនួន ១៦០រូប។

កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩រូប ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១រូប និងបានវាយតម្លៃអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១,១៦៧រូប៕

ដោយ៖ Moeun Dyna