Register Already an agent ? Login

ក្រសួងធនធានទឹកប្រជុំពិភាក្សា ដើម្បីសុំថវិកាឥណពីចិន លើគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា និងចរចាថ្លៃបន្តបន្ទាប់ សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺ ដើម្បីស្នើសុំថវិកាឥណទានក្រោមក្របខ័ណ្ឌថវិកាឥណទានរបស់ចិន។

គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត គោលបំណងសំខាន់របស់គម្រោងគឺ ការកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែយាយីដល់រាជធនីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពលពីរបបទឹកស្ទឹងព្រែកត្នោត។ ក៏ដូចជាបង្កើនអត្រាការប្រើប្រាស់ដីស្រែ ការកែលម្អលក្ខខណ្ឌដាំដុះ បង្កើនផលិតកម្មស្បៀង ទាំងនេះសុទ្ធតែជាភាពចាំបាច់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

រូបតំណាង

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត អាចជួយកាត់បន្ថយទឹកជំនន់ ការពារទំហំផ្ទៃដីបានចំនួន ២៤៥គីឡូម៉ែត្រការ៉េ ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែនៅរដូវប្រាំងបានចំនួន ១០.១៥០ហិកតា និងរដូវវស្សាបានចំនួន ១៧.៧៣០ហិកតា។

រូបតំណាង

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សាGuangzhou Wanan Construction Supervision Co., Ltd.៕

ដោយ៖ Moeun Dyna