
ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉ែ គ្រោងនឹងសាងសង់ទំបន់វារីអគ្កិសនីមានអានុភាពផលិតថាមពល ៨០មេហ្គាវ៉ាត់ ត្រង់ចំណុចតំបន់ចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ១៦០លានដុល្លារ ក្នុងគម្រោងប្រើរយៈពេលសាងសង់ក្នុងចន្លោះពី៣ ទៅ៤ឆ្នាំ ប៉ុន្តែការសាងសង់ពេលណានៅមិនទាន់ដឹងនៅឡើយទេ។ តាមការឱ្យដឹងពីលោក លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។
លោក កែវ រតនៈ ដែលបានចុះពិនិត្យទីតាំងត្រួសត្រាយដោះមីន ចូលទៅកាន់ទីតាំងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ត្រង់ចំណុចតំបន់ចិនយំ ឃុំស្រុកខាងលើ កាលពីថ្ងៃទី៨ ខែសីហា នេះ បានបន្តថា ការស្ថាបនាបន្ថែមនូវកន្លែងផលិតថាមពលអគ្គិសនីនេះ មិនមែនសម្រាប់ប្រើប្រាស់ តែនៅក្នុងភូមិសាស្ដ្រ ខេត្តពោធិ៍សាត់នោះទេ ពោលគឺអាចចែកចាយ និងប្រើប្រាស់នៅទូទាំងប្រទេសតែម្ដង។ លោក ថា លើសពីនេះទៀត គម្រោងនេះក៏នឹងជួយធានាដល់សន្តិសុខថាមពលក្នុងស្រុកផងដែរ គឺកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។
លោក បានបញ្ជាក់ មិនទាន់ដឹងច្បាស់ថាគម្រោងនេះ នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃខែណានៅឡើយដែរ ក៏ប៉ុន្តែគ្រាន់តែដឹងថាគម្រោងនេះទទួលបានការវិនិយោគពីក្រុមហ៊ុនកូរ៉េ ដែលគ្រោងប្រើរយៈពេលសាងសង់ក្នុងចន្លោះ៣ ទៅ៤ឆ្នាំ និងអាចមានផលប៉ៈពាល់ដល់បរិស្ថានតិចតួចបំផុត។
បច្ចុប្បន្ននេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា វារីអគ្គិសនីអាតៃ វារីអគ្គិសនីកំចាយ នៅខេត្តកំពត វារីអគ្គិសនីគីរីរម្យ១ វារីអគ្គិសនីគីរីរម្យ៣ នៅខេត្តកំពង់ស្ពឺ វារីអគ្គិសនីតាតៃ និងវារីអគ្គិសនីឬស្សីជ្រុំ នៅខេត្តកោះកុង។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែង ភាគឥសាននៃប្រទេសកម្ពុជា។
កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន៦០មេហ្គាវ៉ាត់៕

ដោយ៖ Moeun Dyna