Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី សម្រាប់ផ្គត់ផ្គង់ទឹកធ្វើស្រែនៅខេត្តបាត់ដំបងលើផ្ទៃដីជាង ៣៧ម៉ឺនហិកតា សម្រេចបានប្រមាណ ២៦%

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរដ្ឋាភិបាលកូរ៉េ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣។ គិតមកដល់បច្ចុប្បន្ន ការងារសម្រេចបានប្រមាណ ២៦ភាគរយ លើទំហំការងារសរុបរបស់គម្រោង។ បើតាមការឱ្យពីក្រសួងធនធានទឹកនៅថ្ងៃទី៦ ខែសីហា នេះ។

«បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ នៅឆ្នាំ២០២៣ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន ៣៣. ០០០ហិកតា និងផ្ទៃដីស្រូវប្រាំងបានចំនួន ៤.៥០០ហិកតា។ តាមការបញ្ជាក់របស់ក្រសួងធនធានទឹក បន្តថា លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង នៅដើមខែសីហា នេះ។

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី គឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលសំណង់នេះ ជាប្រភេទទំនប់ធំ ដែលការសាងសង់តម្រូវឱ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តន៏នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមកដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ ជាការថ្លែងរបស់ លឹម គានហោ នាពេលចុះពិនិត្យគម្រោង។

«គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម»។ ជាការបញ្ជាក់ របស់ លោក រដ្ឋមន្រ្តីក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា «លើសពីនេះ ទំនប់ដូនទ្រី ក៏នឹងមានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឲ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រី»។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា នេះគឺជាសមិទ្ធផលទី២ នៅក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់ រដ្ឋាភិបាលកូរ៉េ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន។ លោក ថា ក្រោមការដឹកនាំ របស់ សម្តេច នាយករដ្ឋមន្រ្តី ធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យទឹកនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

នាឱកាសនោះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េ ដែលជានិច្ចកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន និងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មន្ទីរធនធានទឹកខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្កលក្ខណៈឱ្យគម្រោងនេះ ជាមួយនឹងលទ្ធផលការងារដែលសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។

សូមញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ទំនប់មេ ជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ កម្ពស់ខ្នងលើទទឹង ៨ម៉ែត្រ ខ្ពស់បំផុតប្រមាណ ៤៧ម៉ែត្រ និងមានប្រវែងសរុប ៦៥៤ម៉ែត្រ។ សំណង់បង្ហៀរ ធ្វើពីបេតុង ស្ថិតនៅខាងឆ្វេងទំនប់មេ មានប្រវែងសរុប ៤១៤ម៉ែត្រ, ទំនប់បង្ហៀរនេះអាចដោះទឹកបាន ៨៥០ម៉ែត្រគីប/វិនាទី។ រូងទូនេលពង្វៀងទឹក មានរាងជាក្រចកជើងសេះ, អង្កត់ផ្ចិត ៤ម៉ែត្រ, មានប្រវែងសរុប ៤៦២ម៉ែត្រ។ សំណង់គ្រប់គ្រងទឹក ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន ៥។ ទំនប់បណ្តោះអាសន្នខាងលើ មានកម្ពស់ ២០ម៉ែត្រ, ខ្នងលើទទឹង ៥ម៉ែត្រ, ប្រវែង ៥៣៦ម៉ែត្រ។ ទំនប់បណ្តោះអាសន្នខាងក្រោម មានកម្ពស់ ១០ម៉ែត្រ, ខ្នងលើទទឹងទំនប់ ៥ម៉ែត្រ, ប្រវែងសរុប ១៥០ម៉ែត្រ។ ផ្លូវក្រាលថ្មភ្នំប្រវែង ៥,២គីឡូម៉ែត ទទឹង ៧ម៉ែត្រ ជាមួយសំណង់ដោះទឹកចំនួន ៨កន្លែង៕

ដោយ៖ Moeun Dyna