Register Already an agent ? Login

លោក គង់ សោភ័ណ្ឌ សម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពាន ផ្លូវ ស្ថានីយបូមទឹក និងប្រព័ន្ធលូរំដោះទឹក ក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពាន ផ្លូវ ស្ថានីយបូមទឹក និងប្រព័ន្ធលូរំដោះទឹក ព្រមទាំងពិនិត្យការដ្ឋានសាងសង់លូ ព្រលានយន្តហោះជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ បើតាមរដ្ឋបាលខេត្តកណ្ដាល។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរជញ្ជូនខេត្តកណ្ដាល បានឱ្យដឹងថា សមិទ្ធិផលថ្មីៗដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយ លោក អភិបាលខេត្ត រួមមាន ស្ពានព្រែកដើមលាភ ស្ពានព្រែករាំងទី១, ទី២ ស្ថានីយបូមទឹកព្រែករាំង និងផ្លូវតភ្ជាប់ ផ្លូវលេខ២១១, ២១៣, ២១៥, ១១៥កា, ១១៥M។

លោក បន្តថា នាឱកាសនោះ គង់ សោភ័ណ្ឌ ក៏បានត្រួតពិនិត្យការដ្ឋានសាងសង់លូ ព្រលានយន្តហោះ ផ្លូវជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង និងពិនិត្យស្ថានភាពផ្លូវលេខ ១១៧ នឹងផ្លូវលេខ១១៩ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមការបន្តរបស់រដ្ឋបាលខេត្ត

ក្នុងពិធីនោះ លោក អភិបាលខេត្តថ្មីនេះ បានថ្លែងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃ របស់សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើកម្ពុជា មានសន្តិភាព ស្ថេរភាព ពេញផ្ទៃប្រទេស ទើបមានការអភិវឌ្ឍដូចបច្ចុប្បន្ន។

លោក ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តឱ្យបានតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ដោយ៖ Moeun Dyna