Register Already an agent ? Login

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សម្រេចបាន ៣៦,៤% ដែលមានតម្លៃ ១៨៣លានដុល្លារ

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដែលមានប្រវែងសរុបជិត ២០០ម៉ែត្រ សម្រេចបាន ៣៦,៤ភាគរយ ហើយ តាមផែនការគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣។ ផ្លូវនេះ ជាកញ្ចប់ ក្រោមកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ចំនួន ១៨៣លានដុល្លារ      

លោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន តំណាង លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង(PMU) និងអង្គភាព អនុវត្តគម្រោង (PIU) នៅថ្ងៃទី៤ ខែសីហា នេះ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

នាឱកាសនោះ លោក អនុរដ្ឋលេខារូបនេះ បានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាងសង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបាន ៣៦,៤ភាគរយ និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។

ផ្លូវជាតិលេខ១០នេះតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ។

សូមរម្លឹកថា ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

ដោយ៖ Moeun Dyna