Register Already an agent ? Login

រដ្ឋបាលខេត្តកែប មានផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ខេត្តកែប​ បានក្លាយជា​គោលដៅ​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែលមាន​ភាព​ប្រកួតប្រជែង ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។​ រដ្ឋបាលខេត្ត​ ដោយមានមន្ទីរទេសចរណ៍​ជាសេនាធិការ​ បានរៀបចំផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ក្នុង​ខេត្ត​ ដោយ​ជឿជាក់ថា ផែនការ​មេនេះ នឹង​ជួយឱ្យ​ខេត្ត​កែប ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែងនៅក្នុង​តំបន់ និង​ពិភពលោក​។ ជាថ្លែងបញ្ជាក់របស់ លោក ស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត។

នៅកិច្ចប្រជុំពិភាក្សាស្ដីពី «បរិស្ថានគ្មាន ផ្សែងបារីក្នុងវិស័យទេសចរណ៍ និងចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍មួយចំនួនក្នុងក្រុងកែប» កាលពីចុងខែកក្កដា កន្លងទៅនេះ លោក ស្រី អភិបាលរងខេត្តកែប បានថ្លែងបញ្ជាក់ទៀតថា ដោយសារ​វិស័យ​ទេសចរណ៍ ពាក់ព័ន្ធ​នឹង​អន្តរ​វិស័យ ដូច្នេះ​រដ្ឋបាលខេត្ត​ បានគិតគូ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ​, ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដែល​ចាំបាច់​ត្រូវ​អនុលោម​តាម​សក្ដានុពល និង​ធនធាន​ដែលមាន​ជាក់ស្ដែង។

លោក ស្រីបានបន្តថា ក្នុងនោះដែរ ដូចជា ធនធានធម្មជាតិ ផ្នែក​សាសនា វប្បធម៌ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត ដែល​មិនទាន់បាន​កែច្នៃ ធ្វើយ៉ាងណា​ឱ្យស្រប​តាម​ឯកសារ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​គាំទ្រ​ដទៃទៀត សម្រាប់​កំណើន​វិស័យ​ទេសចរណ៍​។

នៅក្នុងកិច្ចប្រជុំនោះ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​ បានលើកឡើងថា​ ដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេសសេចក្តីណែនាំស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងខេត្តកែប​ ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឱ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាល​មកពីផលិតផលថ្នាំជក់។

រដ្ឋលេខរូបនេះ បានបន្តថា កម្មវិធីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នេះ ក៏មានការលើកទឹកចិត្ត​ និងបញ្ជាក់ជាសក្ខីភាពថាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត​ អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរ និងការទទួលស្គាល់ផងដែរ៕

ដោយ៖ Moeun Dyna