Register Already an agent ? Login

អភិបាលខេត្តសៀមរាប ស្នើគណៈកម្មការទី៣នៃរដ្ឋសភា ជួយធ្វើអន្តរាគមន៍បញ្ហាប្រឈមដែលខេត្តបានជួបប្រទះ

ភ្នំពេញ៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ​បានរាយការណ៍ជូនគណ:កម្មការជំនាញនៃរដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងបានលើកឡើងពីការលំបាកបញ្ហាប្រឈម ដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដោយបានស្នើសុំគណៈកម្មការជំនាញទី៣ នៃរដ្ឋសភា ជួយធ្វើអន្តរាគមន៍ ដើម្បីរកមធ្យោបាយដោះស្រាយ។ បើតាមរដ្ឋបាលខេត្តសៀមរាប។

លោក ទៀ សីហា បានបញ្ជាក់ថា «បញ្ហាប្រឈមមួយចំនួន ដែលកើតមានដូចជា អំពីកង្វះនូវបច្ចេកទេសក្នុងការប្រើប្រាស់ពូជ ជី ក្នុងការដាំដុះរបស់ប្រជាកសិករ ការគ្រប់គ្រងប្រមូលសម្រាម និងទីធ្លាចាក់សម្រាមមិនទាន់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន និងការលួចកាប់ទន្ទ្រានដីព្រៃ និងព្រៃលិចទឹក ហើយនិងប្រព័ន្ធស្រោចស្រពប្រើប្រាស់ទឹកមិនគ្រប់គ្រាន់នៅក្នុងរដូវប្រាំង ធ្វើឱ្យការងារផលិតរបស់ប្រជាកសិកររងផលប៉ះពាល់។

នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំខេត្តសៀមរាប ជាមួយជាមួយគណៈកម្មការទី៣ នៃរដ្ឋសភាដើម្បីសិក្សាស្វែងយល់ពីវិស័យមួយចំនួនក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ បានថ្លែងថា ចំពោះការលំបាក និងបញ្ហាប្រឈមដែលខេត្តបានលើកឡើង គណៈកម្មការ នឹងពាំនាំទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ក្នុងការធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា ដើម្បីឱ្យខេត្តមានលទ្ធភាព ពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។

ម៉្យាងទៀត ការកាប់បំផ្លាញព្រៃឈើនៅតំបន់ខ្នងភ្នំគូលែន ដែលធ្វើឱ្យស្ថានភាពបរិស្ថាននៅខ្នងភ្នំមានការប្រែប្រួល ព្រមទាំងប៉ះពាល់ដល់វិស័យកសិកម្មនៅខេត្តសៀមរាបទៀត។ ជាការបន្តរបស់ លោក ឡូយ សុផាត ថា កត្តាសំខាន់នោះ អាជ្ញាធរខេត្ត និងមន្ទីរ ជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ លើការដាំដុះដំណាំបន្លែសរីរាង្គប្រកបដោយ សុវត្ថិភាពក្នុងការជំរុញឱ្យប្រជាកសិកបង្កើនការផលិតបន្លែរសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ដើម្បីឈានទៅបញ្ឈប់ការនាំចូលបន្លែរពីខាងក្រៅ ព្រមទាំងបង្កើនការងារដល់ប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការធ្វើចំណាកស្រុកទៀតផង។

«ដូច្នេះយើងត្រូវតែបង្កើនការ ផលិតបន្លែរផ្លែឈើសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារដោយគិតពីនិរន្តរភាពទៅពេលអនាគត មិនចាំបាច់នាំចូលបន្លែរមកពីខាងក្រៅ ហើយនៅក្រោយពីបញ្ចប់កូវីដ-១៩ ខេត្តទេសចរណ៍មួយនេះ មានការអភិវឌ្ឍន៍ធ្វើឱ្យប្រជាពលរដ្ឋមានភាពរីកចម្រើប្រកបដោយចេរភាពទៀតផង»។ ជាការបញ្ជាក់របស់ ប្រធានគណៈកម្មការទី៣។

នាឱកាសនោះដែរ លោក ឡូយ សុផាត បានជំរុញថ្នាក់ដឹកនាំខេត្តសៀមរាប ត្រូវរៀបចំស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និងផែនការមេ ហើយនិងចក្ខុវិស័យវែងឆ្ងាយ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តសៀមរាប។ លោក បន្តថា ដោយសារខេត្តមួយនេះ មានអំណោយផលខាងវិស័យទេសចរណ៍ កសិកម្ម និងកសិទេសចរណ៍ជាដើម ដើម្បីឆ្លើយតបចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការសកម្មភាពស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា លោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ទទួលផែនផ្នែក ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក៕

ដោយ៖ឌីណា