Register Already an agent ? Login

ផ្សារចំនួន ៧ នៅភ្នំពេញមន្រ្តីជំនាញរកឃើញសារធាតុគីមីហាត់ឃាត់បូរ៉ាក់ ក្នុងពពុះសណ្ដែកចំនួន ៣៧.៩ គីឡូក្រាម

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដីខណ្ឌមួយចំនួន ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ៧ នៅភ្នំពេញមានដូចជា ផ្សារអូរឬស្សី, ផ្សារធំថ្មី, ផ្សារដើមគរ, ផ្សារអូរឡាំពិក, ផ្សារបឹងកេងកង, ផ្សារជម្ពូវន្ត និងផ្សារពិភពថ្មីកំបូល បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់ (Borax) ចំនួន ៣៧.៩ គីឡូក្រាម។ បើតាមទំព័រហ្វេសប៊ុក អគ្គ.ក.ប.ប។

មន្រ្តី អគ្គ.ក.ប.ប បានឱ្យដឹងថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៤៥គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។ បើតាមមន្រ្តីដដែល។

មន្រ្តីដដែលនេះ បញ្ជាក់ «គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់»៕

ដោយ៖ឌីណា