Register Already an agent ? Login

ក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០

ព្រះសីហនុ៖  ក្នុងករណីដែលសភាពការណ៍កូវីដ-១៩ បានធូរស្រាល រាជរដ្ឋាភិបាលអនុញ្ញាត ក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០ ជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា។ ជាការថ្លែងឱ្យដឹងរបស់ លោក ថោង ខុន បន្តថា កម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានគុណភាពសេវាកម្មទេសចរណ៍ល្អប្រសើជាងមុន។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ថ្ងៃទី១៧ ខែមិថុនា នេះ។

ការថ្លែងខាងលើ របស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធបើកកិច្ចប្រជុំមួយនៅសាលាខេត្តព្រះសីហនុ និងបន្តចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងមួយចំនួន ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០។

គណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរ គ.អ.ឆ.ក លោក ថោង ខុន បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ និងបានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឱ្យបាននូវបង្គន់អនាម័យសាធារណៈឱ្យបានច្រើនកន្លែង និងមានស្ដង់ដារត្រឹមត្រូវ ដើម្បីដាក់បម្រើជូនភ្ញៀវទេសចរ ដែលមកទស្សនានៅខេត្តព្រះសីហនុនេះ។

គ.អ.ឆ.ក ក៏បានបន្តណែនាំដល់មន្ទីរទេសចរណ៍ខេត្តបន្ថែមទៀត ត្រូវរៀបចំកែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ ដើម្បីផ្ដល់ភាពងាយស្រួយដល់ទេសចរ ក្នុងការទទួលបានព័ត៌មានទេសចរណ៍នៅក្នុងខេត្ត ឬនៅតាមគោលដៅទេសចរណ៍នានា ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

លោក រដ្ឋមន្រ្តី បានលើកឡើងអំពីការបន្តបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម អំពីភាពទាក់ទាញនានាដែលបាននិងកំពុងកើតឡើងថ្មីៗនេះ ដូចជាចំណេះដឹងពាក់ព័ន្ធនឹងមហាវិថី និងវិថីមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងកសាងជិតរួចរាល់នេះ ពីព្រោះឃើញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការចាប់អារម្មណ៍ច្រើន។

នៅក្រុងព្រះសីហនុ ការរៀបចំទីក្រុងទំនើបបាននិងកំពុងធ្វើប្រកបដោយភាពទាក់ទាញប្លែកភ្នែក រីឯប្រព័ន្ធហេដ្ឋារចនាសម្ពន្ធក៏ជិតបង្ហើយការរៀបចំដែរ ប៉ុន្តែគុណភាពសេវាកម្មទេសចរណ៍ និងការរៀបចំកែលម្អរមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏ត្រូវបន្តការរៀបចំឱ្យល្អប្រសើរផងដែរ ដើម្បីត្រៀមឱ្យបានរួចស្រេចនៅពេលកំណើនភ្ញៀវទេសចរងើបឡើងវិញ។ ជាការលើកឡើងបន្ថែមរបស់ លោក ថោង ខុន ថា ពិសេសនៅពេលភ្ញៀវទេសចរក្នុងស្រុកកំពុងមានសកម្មភាពងើបឡើងវិញ បូករួមនឹងការដាក់ឱ្យអនុវត្តក្រមប្រតិបត្តិ និងវិធានសុវត្ថិភាពទេសចរណ៍ថ្មី (New Normal) ដែលមាននៅក្នុងសេវាកម្មទេសចរណ៍នានា។

នៅក្នុងប្រជុំខាងលើ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំទៅកាន់មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តកិច្ចការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ខាងមុខនេះឱ្យបានសស្រាក់សស្រាំ ពិសេសមន្ទីររ៉ែ និងថាមពលត្រូវពន្លឿនលើការងារតបណ្ដាញអគ្គិសនីនៅតាមផ្លូវថ្មីៗ។

លោក អភិបាលបន្តថា ចំណែកមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពន្លឿនការតបណ្ដាញទឹកស្អាតនៅតាមតំបន់ផ្សេងទៀតផងដែរ ពិសេសគឺទៅដល់ទីតាំងដែលត្រៀមប្រារព្ធពិធីឱ្យបានកាន់តែឆាប់។

គូសបញ្ជាក់ថា ក្រោយចប់កិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីររួមទាំងមន្ត្រីរាជការមួយចំនួន បានបន្តចុះត្រួតពិនិត្យនៅតាមផ្លូវ ឆ្នេរ និងចុះកំណត់ទីតាំងត្រៀមប្រារព្ធពិធីបុណ្យសមុទ្រផងដែរ។ ក្នុងនោះមានពីរទីតាំង ដែលស្ថិតក្នុងការពិចារណា គឺនៅបរិវេណរង្វង់មូលព្រះថោងនាងនាគ និងទីតាំងមួយទៀតនៅឆ្នេរពយជំទាវម៉ៅ ដែលនៅជិតដើមឈើចាំស្នេហ៍៕

ដោយ៖ឌីណា