Register Already an agent ? Login

ផ្លូវខេត្តព្រះសីហនុលេខ១៤៦បេ និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ការសាងសង់សម្រេចបានជិត ២ភាគរយ

ព្រះសីហនុ៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ សម្រេចបាន ១,៩០ភាគរយហើយ។ បើតាមការឱ្យដឹងពីក្រសួងដឹកជញ្ជូន។

ក្រសួងបានបន្តថាកំណាត់ផ្លូវខេត្តខាងលើ  សាងសង់ដោយចាក់បេតុងកៅស៊ូAC ទទឹងសរុប ១១ម៉ែត្រកម្រាស់៩សង់ទីម៉ែត្រ និងចិញ្ចើមគ្រួសក្រហម ០,៥០ ម៉ែត្រសងខាង ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្ស PK០+០០០ ដល់PK២០+៦៧៨ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង ១១ម៉ែត្រ កម្រាស់ ២៦សង់ទីម៉ែត្រប្រវែង ២២,៣៤៧គីឡូម៉ែត្រ និងចិញ្ចើមគ្រួសក្រហម ០,៥០ម៉ែត្រ សងខាងចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០,២៥។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងដឹកជញ្ជូន ប្រើប្រាស់រយ:ពេលសាងសង់ចំនួន ២៨ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ។

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវខាងលើ។

លោក រដ្ឋមន្រ្តីបានថ្លែងថា កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាអ្នករស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈងាយស្រួលឆាប់រហ័ស និងចំណាយតិច ក្នុងនោះដែរបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងទីន័រជាដើម៕

ដោយ៖ឌីណា