Register Already an agent ? Login

ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពតប្រវែងសរុប ១៣៤,៨២៦គីឡូម៉ែត្រ កំពុងស្ថាបនាឡើងវិញសម្រេចបាន ៧៤% ហើយ

ភ្នំពេញ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ មានរយៈពេល ៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤ភាគរយហើយ។ បើតាមការឱ្យដឹងពីក្រសួងដឹកជញ្ជូនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២។

ក្រសួងបានបន្តថា គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។

ក្រសួងដឹកជញ្ជូនបានបន្តថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប ១៣៤,៨២៦ គីឡូម៉ែត្រ ត្រូវបានចែកជា ២ដំណាក់កាលគឺ៖ ទី១ ពីចោមចៅ(ភ្នំពេញ)ទៅបែកគុស ប្រវែង៦៩,៩០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង(២គន្លងទៅ២គន្លងមក)។ និងទី២ ពីបែកគុសទៅក្រុងកំពតប្រវែង ៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់៧ សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ ថាតើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣ លោក រដ្ឋមន្ត្រី បានពិនិត្យការបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំលងនៅផ្សារត្រាំខ្នារថ្មី ទីតាំងត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ត្រូវបើករបាំងចែកផ្លូវ ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ ៣៥០លានដុល្លារក្នុងឆ្នាំ និងមានអត្រាអ្នកស្លាប់ ប្រមាណ៥នាក់ក្នុងថ្ងៃ។

ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ ចំនួនបីកន្លែង ដោយមិនបានឱ្យដំណឹងជាមុន (Spot check) លទ្ធផលបានបង្ហាញថា៖ គុណភាពសំណង់ស្ថិតក្នុងកម្រិតស្តង់ដារមួយល្អ អាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។

ជាមួយគ្នានោះផងដែរ លោក ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យទីតាំងដែលត្រូវបំពាក់កាមេរ៉ាចាប់ល្បឿនរថយន្តតាមផ្លូវ ដើម្បីចាប់ល្បឿនរថយន្តដែលបើកបរលើសល្បឿនកំណត់ នៅពេលធ្វើដំណើរឆ្លងកាត់ក្នុងទីប្រជុំជន ដើម្បីធានាឱ្យអ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងចៀសវាងការបង្កគ្រោះថ្នាក់ ដែលបង្កឱ្យមានការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ៕

ដោយ៖ឌីណា