Register Already an agent ? Login

ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសកូវីដ-១៩ កែលម្អគុណភាព ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិជំងឺនេះ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្តីអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។

លោក រដ្ឋមន្រ្តី មានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ-១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ lលោក ថា ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។

ក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំ ស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ-១៩ លោក ថោង ខុន បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន។

ជាមួយគ្នានេះ លោក ក៏បានលើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិការអាជីវកម្មចាប់ពី ១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាស នៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុល ក្នុងករណីជាយថាហេតុណាមួយ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិ ដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ)៕

ដោយ៖ឌីណា