
ភ្នំពេញ៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ សម្បូរទៅដោយធនធានធម្មជាតិ មានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង តាមដំណាក់នៃភ្នំ លាយឡំនិងធម្មជាតិបៃតងស្រស់ស្អាតគ្រប់រដូវកាល និងជាតំបន់មានសក្តានុពលសម្រាប់ ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅថ្ងៃអនាគត ជាពិសេសជាជម្រកសត្វព្រៃជាច្រើនប្រភេទ។ តាមការថ្លែងឱ្យដឹង ពី លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។
តំបន់ទេសចរណ៍ភ្នំត្បែង មិនត្រឹមតែជាកន្លែងទស្សនាធម្មជាតិ ទស្សនាសត្វព្រៃ និងងូតទឹកធ្លាក់ ប៉ុណ្ណោះទេ តែជាកន្លែងសម្រាកលំហែរកាយ ឬការជួបជុំបោះជំរុំ បង្កើនអនុស្សាវរីយ៍ ពិសេសគឺបំរើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមនុស្សជំនាន់ក្រោយផងដែរ។ ជាការបន្តរបស់ ប្រធានមន្ទីរដដែល។

នៅលើភ្នំត្បែងនេះមានធនធានដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើងគ្រប់គ្រងអភិវឌ្ឍន៍ប្រើបម្រើដល់វិស័យទេសចរណ៍មានប្រជាពលរដ្ឋនិងអ្នកមកពីក្រៅខេត្តធ្វើដំណើរទស្សនាកម្សាន្តជាស្ទើជារៀងរាល់ខែឬសប្តាហ៍។ ជាការបន្ថែមរបស់ ប្រធានមន្ទីរខេត្តព្រះវិហារ លោក គង់ វិបុល ថា ស្ថានភាពដែលឡើងទៅលើ មួយផ្នែកឡើងតាមជណ្ដើរថ្ម ហើយមួយផ្នែកទៀតឡើងតាមស្ថានភាពផ្លូវដែលរៀបចំដោយសហគមន៍ ដែលជាផ្លូវថ្មើរជើងគ្មានជណ្តើ ដោយឡើងតាមជម្រាលភ្នំ គណៈកម្មការសហគមន៏អាចនាំទៅបាន។ ក្រៅពីនេះយើងក៏មានកន្លែងសក្ការៈដែលមានវត្តព្រះសង្ឃគង់នៅលើ សម្រាប់ប្រជាពលរដ្ឋយកចង្ហាន់ទៅប្រគេនបន្ទាប់ទស្សនាកម្សាន្តផងដែរ។
មន្ទីរទេសចរណ៍ខេត្តព្រះវិហារ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខេត្ត មានគម្រោងប្រែក្លាយតំបន់សក្តានុពលទេសចរណ៍ បេតិកភណ្ឌភ្នំត្បែង ឱ្យកាន់តែមានភាពស្រស់ស្អាត និងភាពទាក់ទាញកាន់តែប្រសើរបន្ថែមទៀត ដើម្បីបម្រើរការសម្រាក កម្សាន្តនៃដំណើរទស្សនារបស់អ្នកទេសចរជាតិ-អន្តរជាតិមកពីគ្រប់ទិសទី៕

ព្រភព៖ គេហទំព័រក្រសួងព័ត៌មាន