Register Already an agent ? Login

ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ១១ថ្ងៃ មានបទល្មើសជាង ១ម៉ឺនករណី ក្នុងនោះម៉ូតូ ៧៥% និងរថយន្ត ២៥%

ភ្នំពេញ៖ លទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល ១១ថ្ងៃ បានរកឃើញថា មានបទល្មើសសរុបចំនួន ១៩.០០៤ករណី ក្នុងនោះម៉ូតូមាន ចំនួន៧៥ភាគរយ និងរថយន្តមានចំនួន ២៥ភាគរយ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មានការថយចុះចំនួន ៥៤ភាគរយ ស្មើនឹង ១២លើក អ្នកស្លាប់ថយចុះ ១៦នាក់ ស្មើនឹង៩០ភាគរយ និងអ្នករបួសថយចុះ ៥៩នាក់ ស្មើនឹង ៥៣ភាគរយ។ តាមការថ្លែងឱ្យដឹងពី នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសន្និសីទខាងលើ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យ នេះគឺមិនមែនមានបំណងរកប្រាក់ចំណេញទេ។ ប៉ុន្ដែយើងចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបាន សុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុក ពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

លោក ស្រី បានបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងនៅទូទាំងប្រទេសទាំងផ្លូវលំ និងផ្លូវជាតិ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍មិនដែលប្រកាន់ថា កើតមានតែនៅតាមផ្លូវជាតិ ឬផ្លូវកៅស៊ូនោះទេ។ យ៉ាងណាមិញ ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរច្រើនបែបច្រើនយ៉ាង រាជរដ្ឋាភិបាលមានភារកិច្ចថែរក្សាសុខ សុវត្ថិភាពរបស់ពួកគាត់ដោយមិនប្រកាន់ទីកន្លែង និងពេលវេលាឡើយ។

ឆ្នាំ២០២០ គឺជាឆ្នាំដែលត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ហើយមុននឹងប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចបានជូនដំណឹងដល់សាធារណជនតាំងពីដើមឆ្នាំមកម្ល៉េះ ដើម្បីឱ្យប្រជាពលរដ្ឋបានត្រៀមឯកសារផ្លូវច្បាប់បានគ្រប់គ្រាន់មុនពេលសមត្ថកិច្ចចុះធ្វើប្រតិបត្តិការ និងអាចចៀសផុត ពីការពិន័យនានា។ ជាការបន្ថែម របស់ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ឆៀករថយន្ត គឺជាកាតព្វកិច្ចផ្លូវច្បាប់របស់ម្ចាស់យានយន្ត ហើយការឆៀកនេះទៀតសោត ត្រូវតែធ្វើឡើងតាមកាលកំណត់របស់រថយន្តនីមួយៗ មិនមែនដល់ពេលរឹតបន្តឹងទើប យករថយន្តទៅឆៀកនោះទេ (កៀងគោបញ្ចូលក្រោល)។ ការមិនយករថយន្តទៅឆៀក មិនត្រឹមតែគ្រោះថ្នាក់ចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃផងដែរ។ ជាការបន្ថែមទៀត របស់ លោក ស្រី រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន បញ្ជាក់ថា ចំណែកឯការធ្វើបណ្ណបើកបរគឺជាកាតព្វកិច្ចរបស់អ្នកបើកបរ ព្រោះបណ្ណបើកបរជាភស្តុតាងបញ្ជាក់ពី សមត្ថភាពរបស់អ្នកបើកបរតាមប្រភេទយានយន្តនីមួយៗដែលកំណត់ដោយច្បាប់ មិនមែនជាការកង គោបញ្ចូលក្រោលតាមការចោទប្រកាន់នោះទេ ប៉ុន្តែដើម្បីសុវត្ថិភាពរួម។

ការធ្វើវិសោធនកម្មច្បាប់ លើកចុងក្រោយតាំងពីឆ្នាំ២០១៧ មកម៉្លេះ និងការចេញអនុក្រឹត្យលេខ៣៩ អនក្រ.ប្រក. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពី ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.ប្រក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានផ្សព្វផ្សាយជាសាធារណៈតាមគ្រប់រូបភាព និងចាប់ អនុវត្តផាកពិន័យអន្តរការណ៍ជាបន្តបន្ទាប់រហូតមក សំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានច្រើនបំផុត។ ជាការបន្ថែមទៀតរបស់ លោក ស្រី មឹន មាណវី៕

ដោយ៖ឌីណា