Register Already an agent ? Login

របាយការណ៍ក្រសួងកសិកម្ម៖ ៣ខែដើមឆ្នាំនេះ ការបង្កបង្កើនស្រូវប្រាំងទូទាំងប្រទេសសម្រេចបានជិត៦សែន ហិកតា ស្មើនឹង១៣០%

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវប្រាំងទូទាំងប្រទេសត្រូវបានបញ្ចប់ដោយ បានដាំដុះចំនួន ៥៩៧ ៥០៨ហិកតា ស្មើនឹង ១៣០ភាគរយ នៃផែនការចំនួន ៤៥៩ ៥៤៩ហិកាតា។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត។

របាយការណ៍របស់ករសួងបានបន្តថា លទ្ធផលបញ្ចប់ផ្នែកដាំដុះរដូវប្រាំងឆ្នាំ២០១៩-២០២០ ផលិតកម្មដំណាំស្រូវប្រាំង ល្បឿនការងារបង្កបង្កើនផលដំណាំគិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំនេះ២០២០ ផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៦០២ ៣៣២ហិកតា ក្នុងនោះភ្ជួររាស់ដោយគោ-ក្របីមានចំនួន ៤ ២៦៦ហិកតា និងដោយគ្រឿងយន្តមានចំនួន ៥៩៨ ០៦៦ហិកតា តិចជាងឆ្នាំមុនចំនួន ៣០ ៥៧០ហិកតា។ ផ្ទៃដីសាបសម្រេចបានចំនួន ៧៤ហិកតា តិចជាងឆ្នាំមុន៩៨ហិកតា។ ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៥៩៧ហិកតា ៨០៥ហិកតា ស្មើនឹង១៣០ភាគរយ នៃផែនការចំនួន ៤៥៩ ៥៤៩ហិកាតា លើសឆ្នាំមុនចំនួន ១ ០២៥ហិកតា។

ការប្រមូលផលស្រូវប្រាំង សម្រេចបានចំនួន ៥៩២ ១២៨ហិកតា ដោយទទួលបាលបរិមាណផលសរុបចំនួន ២ ៦១៦ ២៥៣តោន។ ទន្នផលគិតជាមធ្យម ៤,៤១៨តោនក្នុង១ហិកតា។ បើតាមបាយការណ៍ក្រសួង នៅឆ្នាំដដែល មានដំណាំរួមផ្សំងរដូវប្រាំងនុវត្តបានសរុបចំនួន ៣៧ ៦២៦ហិកតា ស្មើនឹង ១១៦,១២ភាគរយ នៃផែនការចំនួន ៣២ ៤០៣ហិកតា លើសឆ្នាំមុនចំនួន ២​ ៣៦៩ហិកតា និងដំណាំឧស្សាហកម្មអនុវត្តបានខរុបចំនួន ៧៩ ២៧៤ហិកតា ស្មើនឹង ៧៤,៨៨ភាគរយ នៃផែនការចំនួន ១០៥ ៨៧៣ហិកតាតិចជាងឆ្នាំមុនចំនួន ១០ ៣៦៧ហិកតា។

របាយការណ៍ក្រសួងបានឱ្យដឹងថា បរិមាណនាំអង្ករចេញបានចំនួន ២៣០ ៩៤៨តោន មនការកើនឡើងចំនួន ៦០ ១២៧តោន(+៣៥,២០%) ច្រើនជាបរិមាណនាំចេញត្រីមាសទី១ឆ្នាំ២០១៩ និងបាននាំចេញទៅកាន់ទិសដៅចំនួន ៤៥ប្រទេស ក្នុងនោះ ចិន លំដាប់ទី១(៩២ ៣៤៩តោន) បារាំងលំដាប់ទី២(២៣ ៩១៦តោន) ហ្កាបុង(១២ ៨៩៨តោន) វៀតណាមលំដាប់ទី៤(១២ ៤៦៦តោន) ម៉ាឡេស៊ីលំដាប់ទី៥(១០ ១៧៣តោន) អូស្រ្តាលីលំដាប់ទី៦(៩ ៧៨១តោន) ណេដឺឡែនលំដាប់ទី៧(៩ ៤៧៧តោន) ហិងកុងលំដាប់ទី៨(៨ ៦៧៦តោន) អង់គ្លេសទី៩(៥ ៨៧០តោន) និងប៉ូឡូញលំដាប់ទី១០(៥ ៦៥៣តោន) បច្ចុប្បន្នក្រុមហ៊ុនបាននាំអង្ករចេញមានចំនួន ៦២ក្រុមហ៊ុន។

ក្រៅពីដំណាំខាងលើ ក៏នៅមានផ្នែកផលិតកៅស៊ូផងដែរ ផ្ទៃដីកៅស៊ូសរុបចំនួន ៤០៥ ៤៩៥ហិកតា ដែលក្នុងនោះ ផ្ទៃដិចៀរកៅស៊ូមានចំនួន ២៥០ ៧៥០ហិកតា ស្មើនឹង ៦២ភាគរយ និងផ្ទៃដិថែទាំចំនួន ១៥៥ ៧៣៥ហិកតា ស្មើនឹង ៣៨ភាគរយ។ ផលិតផលជ័រកៅស៊ូសម្រេចបានចំនួន ៥៣ ២៧២តោន កើនឡើងចំនួន ៥ ០៨៩តោន ស្មើនឹង ១១ភាគរយ ធៀបត្រីមាសទី១ឆ្នាំ២០១៩។ ការនាំចេញកៅស៊ូ បរិមាណបញ្ចេញលក់សម្រេចបានចំនួន ៥៣ ០៥៧តោន កើនឡើងចំនួន ៤ ៨៦៥តោន ស្មើនឹង១០ភាគរយ ធៀបទត្រូវមាសទី១ឆ្នាំ២០១៩។

របាយការណ៍ក្រសួងបានបញ្ជាក់ឱ្យដឹងថា តម្លៃលក់មធ្យម ក្នុងខែមីនា ឆ្នាំ២០២០ គឺ ១ ៣៩៧ដុល្លារក្នុង១តោន ថយចុះចំនួន ១៧ដុល្លារក្នុង១តោន ស្មើនឹង១,២១ភាគរយ ធៀបខែមុន និងកើនឡើងចំនួន ៣៥ដុល្លារក្នុង១តោន ស្មើនឹង៣ភាគរយ ធៀបខែមីនា ឆ្នាំ២០១៩។ តម្លៃកៅស៊ូជាមធ្យមក្នុងត្រីមាសទី១ឆ្នាំ២០២០ គឺ ១ ៤២០ដុល្លារក្នុង១តោន កើនឡើងចំនួន ១៤១ដុល្លារក្នុង១តោន ស្មើនឹង១១ភាគរយ ធៀបត្រីមាសទី១ឆ្នាំ២០១៩៕

ដោយ៖ឌីណា