Register Already an agent ? Login

លោក ឃួង ស្រេង ជំរុញឱ្យមន្រ្តីជំនាញពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូទឹក តំបន់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការគ្នាពន្លឿន ការអភិវឌ្ឍប្រព័ន្ធប្រឡាយលូ នៅតំបន់នៅតំបន់ខាងកើត និងតំបន់ខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឱ្យហើយទៅតាមផែនការនៅក្នុងរដូវវស្សា ដើម្បីបញ្ជៀសការជនលិចដោយជំនន់ទឹក។

នៅក្នុងកិច្ចប្រជុំរបាយការណ៍ ស្ថាបនាប្រព័ន្ធប្រឡាយលូ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងបញ្ជាក់ថា «ប្រព័ន្ធប្រឡាយទំាងនេះ មានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិច ដោយជំនន់ទឹកភ្លៀង។ ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នា ធ្វើឱ្យបានល្អ ពិសេសការត្រួតពិនិត្យ លើក្រុមហ៊ុនស្ថាបនា ដើម្បីឱ្យការសាងសង់ ធានាបានគុណភាពស្តង់ដារកាត់បន្ថយ ការជន់លិចធានាបានប្រសិទ្ធភាព»។

ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យ ត្រូវធ្វើឱ្យរួចរាល់ ក្នុងរយៈពេល២ខែទៀត ដើម្បីផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ ដែលកំពុងរស់នៅ ក្រោយស្ពានស្ទឹងមានជ័យ អាចរើទៅ រស់នៅទីតំាង ដែលអាជ្ញាធររៀបចំ ជូននៅក្បែរប្រព័ន្ធប្រឡាយនោះ។ ជាការបញ្ជាក់បន្តរបស់ អភិបាលរាជធានីភ្នំពេញ លោក បានបន្ថែមថា ការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រលាយ លូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញនេះ គឺដើម្បីបញ្ជៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនារដូវ វស្សា ដែលសម្រួល ដល់ការរស់នៅ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំខាងលើ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សំា ពិសិដ្ឋ បានថ្លែងឱ្យដឹងថា គម្រោងស្ថាបនាប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកដល់ពេលនេះ ដោយដំណាក់កាលទី១ ពីស្ពានស្ទឹងមានជ័យ ដល់ប្រឡាយទឹកដើម ស្លែង សម្រេចបានជាង ៧៨ភាគរយ ចំណែកតំបន់៤ សម្រេចបានជាង ៤០ភាគរយ៕

ប្រភព៖ដើមអំពិល